រថយន្តកូរ៉េដឹកកញ្ចក់ បោះពួយលឿនដូចហោះ ចុះពីស្ពានជ្រុលបុករះរថយន្តនិងម៉ូតូ រួមទាំងម៉ូតូកង់បី សរុប៨គ្រឿង របួសមនុស្ស២នាក់
សន្តិសុខសង្គម
469

រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង ខណៈរថយន្តកូរ៉េដឹកកញ្ចក់មួយគ្រឿង បើកបោះពួយល្បឿនលឿនដូចហោះចុះពីស្ពាន ជ្រុល ទៅបុករះ រថយន្តចំនួន៤គ្រឿង បន្តបុកប៉ះម៉ូតូចំនួន១គ្រឿង និងម៉ូតូកង់បីឥណ្ឌា២គ្រឿង រងខូចខាតយ៉ាងដំណំ ព្រមទាំងបង្កឲ្យមនុស្ស២នាក់រងរបួសស្រាល បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ នៅលើបណ្តោយផ្លូវព្រះមុនីរ៉េត សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងបានឲ្យដឹងថា មុនកើតហេតុ គេឃើញមានរថយន្តបង្ក កូរ៉េដឹកកញ្ចក់មួយគ្រឿងង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3B-4606 បើកបោះពួយល្បឿនលឿន ក្នុងទិសដៅពីកើតទៅលិច បើកចុះពីស្ពានអាកាសស្ទឹងមានជ័យ លុះមកដល់ចំណុចកើតហេតុ ដោយសារតែល្បឿនលឿនពេក ទើបជ្រុលបុកម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ពណ៌ស ពាកស្លាកលេខ 1IH-6738 ចំពីក្រោយពេញទំហឹង រួចបន្តទៅបុករះរថយន្តស៊ាំយ៉ុងមួយគ្រឿងទៀត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BC-7016 បណ្តាលអោយរងការខូចខាត ហើយរុញទៅបុកម៉ូតូកង់បីឥណ្ឌាមួយគ្រឿង កៀបជាប់និងរងការខូចខាត រួចរុញទៅបុករថយន្តហាយឡិច វីហ្គូមួយគ្រឿងទៀត ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ 2X-7767 រងការខូចខាតផ្នែកខាងក្រោយ និងបន្តទៅបុករថយន្តកូរ៉េដឹកទំនិញមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2S-4451 រងការខូចខាត ដែលជារថយន្តចុងក្រោយគេ ខណៈកំពុងបើកបរស្របទិសគ្នា។

សរុបមធ្យោបាយ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលើ គឺចំនួន៨គ្រឿង មានអ្នកមនុស្ស២នាក់រងរបួសស្រាល ចំណែកតៃកុងបើករថយន្តបង្កត្រូវបានពលរដ្ឋឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ច។

សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុដែលបង្កឲ្យមនាការបុករះនេះ គឺបណ្តាលមកពីការបើកបរខ្វះការពិចារណា និងខ្វះការប្រុងប្រយ័ត្ន បើកបរព្រហើន ក្នុងល្បឿនលឿន ហើយមិនគោរសិទ្ធអ្នកដ៍ទៃ ទើបមានគ្រោះថ្នាក់បែបនេះ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកធ្វើការសម្រួលចរាចរណ៍ ដើម្បីកុំអោយមានការកកស្ទះ ។ ចំណែករថយន្ត ម៉ូតូ ម៉ូតូកង់បី សរុបទាំងអស់៨គ្រឿង ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងនិងយកទៅរក្សាទុកការិយាល័យចរាចរជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿង ដោះស្រាយតាមនីតិវិធី ៕ អ៊ុ ស្រស់


Telegram