រាជធានីភ្នំពេញ ៖ បុរសម្នាក់ឈ្មោះ ហៃ វិចិត្រា ដែលបានបេីកបររថយន្តម៉ាក Tundra ក្នុងល្បឿនលឿន និងក្នុងស្ថានភាពស្រវឹង បង្កគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ២២និង ២០នាទីយប់ ត្រង់ចំណុចមុខផ្ទះលេខ២ ផ្លូវវេងស្រេង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ និង ៣នាក់ទៀតរងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចនៃការិយាល័យចរាចរណ៍ផ្លូវគោករៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីអនុវត្តបន្តតាមនីតិវិច្បាប់ នៅម៉ោង ៣:០០រសៀល ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១នេះ ។នេះបេីយោងតាមផេកផ្លូវការរបស់ស្នងការនគរបាលរាជធានីភ្នំពេញបង្ហោះនៅថ្ងៃទី១៧ខែតុលាឆ្នាំ២០២១។
សូមបញ្ជាក់ថាកាលពី យប់ថ្ងៃសៅរ៏ ទី១៦ ខែតុលា ឆ្នាំ២០២១ មនុស្សប្រុសស្រី៣នាក់បានស្លាប់ និងមនុស្សប្រុសស្រី៣នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីមានបុរសម្នាក់រួមដំណើរនឹងបុរសម្នាក់ទៀតបើករថយន្តធុនត្រា មួយគ្រឿងក្នុងល្បឿនលឿនដូចហោះបានរេចង្កូតបុករះ កាលពីវេលាម៉ោងប្រមាណ១០ និង៣០ នាទីយប់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ ត្រង់ចំណុចខាងលិចសួនឧស្សាហកម្មកាណាឌីយ៉ា ប្រមាណ៥០ម៉ែត្រតាមបណ្ដោយផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។
សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះទាំងបីនាក់ និងអ្នករងរបួសធ្ងន់ស្រាលចំនួនបីនាក់ទៀត មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញបុរស១នាក់រួមដំណើរនឹងបុរស ម្នាក់ទៀតបើករថយន្ដមួយគ្រឿងម៉ាក ធុនត្រា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2AG-7060 ធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ ក្នុងទិសដៅពីត្បូងទៅជើង បានប៉ះម៉ូតូមួយគ្រឿង រងការខូចខាតបន្តិចបន្តួច តែមិនព្រមឈប់ដោះស្រាយនោះទេ ហើយបានព្យាយាមបើករត់ឡើងទៅផ្លូវវេងស្រេង ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនដូចហោះ លុះមកដល់កន្លែងកើតហេតុ ស្របមេឃកំពុងធ្លាក់ភ្លៀងផង បានរេចង្កូតមកទៅខាងស្ដាំដៃ ឡើងលើចិញ្ចើមផ្លូវ បុករះម៉ូតូ រទេះលក់សាច់គោអាំង និង សំយ៉ាបផ្ទះប្រជាពលរដ្ឋ រួមទាំងស្លាកសញ្ញាចរាចរណ៍ បណ្ដាលឲ្យដួល និង បែកបាក់រាយពេញផ្លូវ និងសម្ភារមួយចំនួនទៀតរងការខូចខាត ។ ចំណែកមនុស្សប្រុសស្រី៦ នាក់ដែរកំពុងឈរនៅចិញ្ចើមផ្លូវ បណ្ដាលឲ្យស្លាប់៣នាក់ នៅកន្លែងកើតហេតុភ្លាមៗ រីឯមនុស្សប្រុសស្រី៣នាក់ទៀតបានរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។
ភ្លាមនោះម្ចាស់រថយន្តបង្កនិងអ្នករួមដំណើរបាននាំគ្នារត់គេចខ្លួនតែត្រូវបានប្រជាពលរដ្ឋនាំគ្នាធ្វើការចាប់ខ្លួនរួចប្រគល់ជូនសមត្ថកិច្ច រួចបញ្ជូនទៅអធិការរដ្ឋានខណ្ឌពោធិសែនជ័យភ្លាមៗ។ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចទំនាក់ទំនងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។
បច្ចុប្បន្ន ជនត្រូវចោទកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរនៅឡើយ៕