ខេត្តព្រះសីហនុ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង រវាងរថយន្ដសេរ៊ីទំនើបម៉ាក Alphard និងម៉ូតូ បណ្ដាលឲ្យស្ត្រីវ័យចំណាស់ម្នាក់ រងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ កាលពីវេលាម៉ោង ០៣រសៀល ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវ២ធ្នូ ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ដំបូងឡើយមានរថយន្ដ១គ្រឿងម៉ាក Alphard ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2D-8777 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ២ធ្នូ ពីត្បូងទៅជើង ដោយឡែកម៉ូតូម៉ាកឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1J-9671 បើកបរដោយស្ត្រីម្នាក់ក្នុងទិសដៅស្របផ្លូវគ្នា ខណៈពេលដែលទៅដល់ចំណុចផ្លូវកោង ស្ត្រីខាងលើកក៏បាន បើកបត់ឆ្វេងមិនបានប្រុងប្រយ័ត្ន ក៏ត្រូវរថយន្ដខាងលើបុកពេញមួយទំហឹង បណ្ដាលឲ្យស្ត្រីនោះរងរបួស ត្រូវបានបញ្ជូនទៅមន្ទីពេទ្យដើម្បីសង្គ្រោះ។
ក្រោយកើតហេតុ សមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ ធ្វើការវាស់វែង យកម៉ូតូ និងរថយន្ដ ដាក់អែបខាង និងទុកពេលឲ្យភាគីទាំងសងខាង បានធ្វើការសម្របសម្រួលគ្នា ដោយភាគីរថយន្ដចេញថ្លៃខូចខាតនិងមនុស្សរងរបួសទាំងស្រុងនិងបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង ៕ សំណាង