ខេត្តឧត្តរមានជ័យ + ខេត្តបន្ទាយមានជ័យ + ខេត្តបាត់ដំបង ៖ ស្ថានភាពកម្ពស់នៅចំណុចអាងទឹកតាម៉ុក ,តាមច្រក ព្រំប្រទល់ កម្ពុជា-ថៃ ក៏ដូចជានៅក្រុងបាត់ដំបង ឃើញថា នៅចំណុចអាងទឹកតាម៉ុក ស្ថានភាពកម្ពស់ទឹកបានកើនឡើងលើស ប្រកាសឲ្យមានការប្រុងប្រយ័ត្នហើយ ។ ចំណែកស្ថានភាពទឹក តាមច្រក ព្រំប្រទល់ កម្ពុជា-ថៃ នៅពុំទាន់លិចលង់ទេដល់ស្រូវស្រែ ផ្ទះសម្បែងពលរដ្ឋនៅឡើយ ។ ដោយឡែក នៅក្រុងបាត់ដំបងឯណោះវិញ កាលពីម្សិលមិញ ទឹក នៅស្ទឹងសង្កែ បានកើនឡើង និងបានបន្តថមថយចុះវិញ មកនៅត្រឹមកម្រិតកម្ពស់ ១១.៨៧ម៉ែត្រ គិតត្រឹមវេលាម៉ោង៩និង១៥នាទីយប់ ។ នេះបើយោងតាមផេក ផ្លូវការរបស់ក្រសួងធនធានទឹក និងឧតុនិយម រួមទាំងយោងតាមផេក ផ្លូវការរបស់រដ្ឋបាលខេត្តបាត់ដំបង ។
សូមបញ្ជាក់ថា ក្នុងខេត្តឧត្តរមានជ័យ ស្ថានភាពកម្ពស់ទឹកនៅអាងទឹកតាម៉ុក ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ទឹកមានកម្ពស់ ៣,៩៥ម៉ែត្រ កើនឡើង ០,១៥ម៉ែត្រ នៅវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ នេះ បើធៀប និងម៉ោង៣រសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ ម្សិលមិញ ទឹកមានកម្ពស់៣,៨០ម៉ែត្រ ។ សូមបញ្ជាក់ថា សម្រាប់កម្ពស់ទឹកប្រកាសឲ្យមានការប្រុងប្រយ័ត្ន៣,៨០ម៉ែត្រ និងកម្ពស់ទឹកប្រកាសអាសន្ន៤,៥០ម៉ែត្រ ។
ចំណែក ខេត្តបន្ទាយមានជ័យ ស្ថានភាពទឹកតាមច្រក ព្រំប្រទល់ កម្ពុជា-ថៃ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៦និង៣០ព្រឹកនេះ រួមមានដូចជា ៖
១-ច្រកក្បាលស្ពាន ទឹកអូរ កើនសរុប ៣.២ម៉ែត្រ ស្ថិតនៅស្រុកម៉ាលៃ ។
២-ច្រកអូរល្ងុង ទឹកអូរ កើន ០.៤ម៉ែត្រ ស្ថិតនៅក្រុងប៉ោយប៉ែត ។
៣-ច្រកអូរបីជាន់ ទឹកអូរ កើន ០.៤ម៉ែត្រ ស្ថិតនៅស្រុកអូររជ្រៅ ។
៤-ច្រកអូរកំបុត ទឹកកើន ០.៤ម៉ែត្រ ស្ថិតនៅស្រុកថ្មពួក ។
ស្ថានភាព ច្រកទឹកទាំង០៤ ទទួលទឹកភ្លៀង ៣ថ្ងៃជាប់ៗគ្នា ស្ថានភាពស្រែ ស្រូវ ផ្ទះ ពុំទាន់លិចលង់ទេ។
៥-ជំនន់វាលសែសិន ស្ថានភាពទឹកស្រក ០.២ម៉ែត្រ ។ សរុប ០.៥៩ម៉ែត្រ។ ក្នុងនោះ ក៏មានការភ្លៀងធ្លាក់កម្រិតខ្សោយ នៅគ្រប់ស្រុក-ក្រុងទាំង៩ ផងដែរ៕
ដោយឡែកសម្រាប់ខេត្តបាត់ដំបង និងក្រុងបាត់ដំបង វិញ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ ម្សិលមិញ ឯកឧត្តម សឿម ប៊ុនរិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង រួមដំណើរដោយ លោកផេង សិទ្ធី អភិបាលក្រុងបាត់ដំបង លោកព្រួញរិទ្ធថា ប្រធានមន្ទីរ សាធារណការខេត្តបាត់ដំបង លោកមេបញ្ជាការរងយោធភូមិភាគទី៥ លោកអភិបាលរងក្រុង រដ្ឋបាលសង្កាត់ រួមទាំងកងកម្លាំងទាំងបីប្រភេទ បានចុះពិនិត្យការចាក់ដី ដើម្បីទប់ស្កាត់ការហូរជ្រាបចូលនៅតំបន់ទំនាប ប៉ែកខាងកើតស្ទឹងសង្កែ ក្នុងសង្កាត់ព្រែកព្រះស្តេច និងសង្កាត់រតនៈ ក្រុងបាត់ដំបង និងពិនិត្យការស្តារ កម្ទេចកំទីកំណាត់ឈើ ដែលជាប់និងគ្រិះស្ពាន មួយចំនួន ក្នុងក្រុងបាត់ដំបង ។
ក្នុងនោះ ស្ថានភាពទឹកជំនន់ទឹកភ្លៀងនៅស្ទឹងសង្កែ បានបន្តថមថយ មកនៅត្រឹមកម្រិតកម្ពស់ ១១.៨៧ម៉ែត្រ គិតត្រឹមវេលាម៉ោង៩និង១៥នាទីយប់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ ម្សិលមិញនេះ ជាស្ថានភាពមកធម្មតាវិញហើយ ៕
ខេត្តបាត់ដំបង ៖
ខេត្តបន្ទាយមានជ័យ ៖
ខេត្តឧត្តរមានជ័យ ៖