សមត្ថកិច្ចខេត្តស្វាយរៀង បង្ក្រាបករណីជួញដូរគ្រឿងញៀនបម្រុងដឹកឆ្លងដែនទៅប្រទេសវៀតណាម ទម្ងន់ជិត២០គីឡូក្រាម ចាប់បានជនសង្ស័យ២នាក់
សន្តិសុខសង្គម
96

ខេត្តស្វាយរៀង ៖ ​ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តស្វាយរៀង សមត្ថកិច្ចបានបង្ក្រាបជនសង្ស័យ២នាក់ ពាក់ព័ន្ធករណី ជួញដូរគ្រឿងញៀនបម្រុងដឹកឆ្លងដែនទៅប្រទេសវៀតណាម ទម្ងន់ជិត២០គីឡូក្រាម កាលពីវេលាម៉ោង ៧ និង៣០នាទីយប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ នៅចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ។

សមត្ថកិច្ចបានឲ្យដឹងថា ការបង្ក្រាបនេះ កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ទោ អែម សុវណ្ណារិទ្ធិ អធិការនគរបាលក្រុងបាវិត សហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានបើកប្រតិបត្តិការស្រាវជ្រាវបង្ក្រាបករណីជួញដូរ ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ដោយឃាត់បានជនសង្ស័យ០២នាក់រួមមាន ៖

១.ឈ្មោះ ឡេ វ៉ាន់ថ អាយុ ១៨ឆ្នាំ ភេទប្រុស ជនជាតិវៀតណាម មុខរបរជាងឈើ រស់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ជាអ្នកដឹកជញ្ជូនគ្រឿងញៀនពីរាជធានីភ្នំពេញ ឆ្លងដែនទៅកាន់ប្រទេសវៀតណាម)។

២.ឈ្មោះ វ៉ាន់ សុផា អាយុ ២០ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ មុខរបរជាងឈើ រស់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ជាអ្នកដឹកជញ្ជូនគ្រឿងញៀនពីរាជធានីភ្នំពេញ ឆ្លងដែនទៅកាន់ប្រទេសវៀតណាម)។

ក្នុងនោះ សមត្ថកិច្ចក៏បានធ្វើការ ចាប់យកវត្ថុតាងរួមមាន៖ ថ្នាំញៀន ប្រភេទហេរ៉ូអ៊ីន ទម្ងន់ ៣,៥០២ ក្រាម, ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ទម្ងន់ ២,៩៨៦ ក្រាម, ថ្នាំញៀន ប្រភេទកេតាមីន ទម្ងន់ ១៣,០០០ក្រាម(សរុបទម្ងន់ ១៩.៤៨៨ គីឡូក្រាម), អាវុធខ្លីធុន K54 ចំនួន ០១ដើម បង់ ០១, គ្រាប់ចំនួន ០៨គ្រាប់, ម៉ូតូ ០១គ្រឿង និងកាបូបធំ សំរាប់ដាក់គ្រឿងញៀនចំនួន ០១។

ពេលនេះជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់បន្តទៀត៕


Telegram