ប៉ូលិស២ខេត្ត សហការគ្នាតាមចា.ប់បុរសអ្នករត់កង់បីម្នាក់ ក្រោយយកកាំបិតចា.ក់លើបុរសជនជាតិចិនម្នាក់ បណ្តាលឲ្យរងរបួ.សធ្ង.ន់ រួចរត់ពីក្រុងព្រះសីហនុ រហូតដល់ខេត្តសៀមរាប
សន្តិសុខសង្គម
196

ខេត្តព្រះសីហនុ ៖ នគរបាលក្រុងព្រះសីហនុ សហការជាមួយនគរបាលខេត្តសៀមរាប ចាប់ខ្លួនជនសង្ស័យម្នាក់ ជាអ្នករត់ម៉ូតូកង់៣ ក្រោយបានយកកាំបិត ចាក់ទៅលើជនជាតិចិនម្នាក់បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ នៅក្រុងព្រះសីហនុ រួចហើយគេចខ្លួនទៅខេត្តសៀមរាប ។ នេះបើយោងតាមផេក ផ្សព្វផ្សាយអប់រំ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យជាអ្នករត់ម៉ូតូកង់៣ រូបនេះ ត្រូវបាននគរបាលជំនាញរបស់ អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានសហការជាមួយ សមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ និងកម្លាំងរបស់ស្នងការដ្ឋាននគរបាល ខេត្តសៀមរាប ធ្វើការចាប់ឃាត់ខ្លួនបាន នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ ក្រោមការដឹកនាំបញ្ជារ ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ។

សូមបញ្ជាក់ថា ករណី អំពើហិង្សានេះកើតឡើងកាលពីយប់ថ្ងៃទី១០ ខែ តុលា ឆ្នាំ ២០២១ វេលាម៉ោង ០៤ និង ២១នាទី ទៀបភ្លឺ នៅចំណុចទល់មុខសណ្ឋាគារស៊ីហ៊ូ ស្ថិតនៅក្រុម២ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខណៈដើមហេតុ គឺជនរងគ្រោះឈ្មោះ CHEN JIALI ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិន បានជួលម៉ូតូកង់បីជិះជាមួយមិត្តស្រីចេញពីឆ្នេរអូឈើទាល មកដល់ចំណុចកើតហេតុ ក៏កើតមានជម្លោះជាមួយអ្នកបើកម៉ូតូកង់បី ។ ក្នុងពេលនោះអ្នកបើកម៉ូតូកង់៣ បានចាក់ទៅលើជនរងគ្រោះចំពោះផ្នែកខាងឆ្វេង បណ្តាលអោយរងរបួសធ្ងន់ធ្ងរ សន្លប់បាត់ស្មារតី បច្ចុប្បន្នកំពុងជួយសង្គ្រោះនៅមន្ទីរពេទ្យថៃខាងក្នុងក្រុងព្រះសីហនុ បន្ទាប់មកជនសង្សយ័បានគេចខ្លួនទៅខេត្តសៀមរាប ។

ក្រោយការស្រាវជ្រាវតាមជំនាញ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៤ល្ងាច កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានសហការជាមួយ សមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ និងកម្លាំងរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ថង សម្បត្តិ អាយុ៤៨ឆ្នាំ នៅចំណុចបេនឡានក្រុង បុរីសៀងណាំ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប រួចបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់តែម្តង៕


Telegram