ខេត្តកណ្ដាល ៖ មនុស្សប្រុសស្រីចំនួន ៣នាក់ បានស្លាប់យ៉ាងរន្ធត់ នៅលើផ្លូវជាតិលេខ១ ខណៈម៉ូតូវិញខ្ទេចមើលលែងយល់ ក្រោយជិះម៉ូតូម៉ាក ប៊ីត ឌុបគ្នាជិះឡើងទួល ចូលផ្លូវរថយន្ត ស្រាប់តែក្រឡាច់កង់ដួលដោយខ្លួនឯង ខ្ទាតមកខាងឆ្វេងដៃ ស្របពេលមានរថយន្តហ៊ីយ៉ាន់ដាយ ធ្វើដំណើរកាត់ មកបុកពេញទំហឹង បណ្តាលឲ្យស្លាប់មួយរំពេច ទាំង៣នាក់តែម្តង កាលពីវេលាម៉ោង ៦ និង៣០នាទីល្ងាច ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ៣៤-៣៥ ចំណុចភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
របាយការណ៍របស់សមត្ថកិច្ចស្រុកកៀនស្វាយ ដែលបង្ហោះនៅលើផេកផ្លូវការ របស់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាង ម៉ូតូមូយគ្រឿងម៉ាក HONDA Beat 110 ព៌ណក្រហម ប្រភេទស្រី ពាក់ផ្លាកលេខ ព្រៃវែង 1U-0951 បើកបរដោយឈ្មោះ ប្រឹស ស៊ីណេត ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិក្រសាំងចារ ឃុំសេនារាជឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង មានអ្នករួមដំណើរ០២នាក់ ឈ្មោះ ប្រឹស ចន្ថា ភេទស្រីអាយុ១៦ឆ្នាំ មានទីលំនៅភូមិក្រសាំងចារ ជាមួយអ្នកបើកម៉ូតូត្រូវជាប្អូន និងឈ្មោះព្រឹល ឡៃសៀក ភេទស្រី អាយុ ២៣ឆ្នាំ មានទីលំនៅភូមិគ្របបាយ ឃុំកពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ត្រូវជាប្រពន្ធ ដែលបើកមានទិសដៅអ្នកលឿងទៅភ្នំពេញ តាមផ្លូវជាតិលេខ១។
របាយការណ៍ដដែលបន្តថា ពេលម៉ូតូជិះដល់កន្លែងកើតហេតុខាងលើ បានបើកឡើងទួលចូលផ្លូវរថយន្ត ស្រាប់តែក្រឡាច់ដួលម៉ូតូដោយខ្លួនឯង បោកមកខាងឆ្វេងដៃ ចូលមកបុកជាមួយរថយន្តម៉ាក HYUNDAI MIGHTY ពណ៌ទឹកប្រាក់ ប្រភេទដឹកទំនិញធុនធំ ពាក់ផ្លាកលេខ ភ្នំពេញ 3E-3874 បើកបរដោយឈ្មោះឆេន សុភី ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅ ភូមិសាឡង់២ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលបើកមានទិសដៅផ្ទុយគ្នា បណ្តាលឲ្យស្លាប់អ្នកជិះម៉ូតូទាំង០៣នាក់ នៅកន្លែងកើតហេតុតែម្តង ។ ចំណែកម៉ូតូវិញ ខ្ទេចស្ទើរទាំងស្រុង ។
ក្រោយកើតហេតុ អ្នកបើកបរមិនចាកចេញពីកន្លែងកើតហេតុឡើយ។ ដោយក្រែងមានសុវត្ថិភាព ខ្លួនបានរត់ចូលកន្លែងសន្តិសុខយាម របស់ក្រុមហ៊ុនបេតុងក្រឡុកស៊ីម៉ង់ត៍ជប៉ុន នៅជិតកន្លែងកើតហេតុ រង់ចាំសមត្ថកិច្ចមកទទួល និងឆ្លើយបំភ្លឺ ពេលនេះ កម្លាំងជំនាញកំពុងសាកសួរលើអ្នកបើកបររថយន្ត ដែលបុកលើម៉ូតូបណ្ដាលអោយមនុស្សស្លាប់៣នាក់ខាងលើ និងកសាងសំណុំរឿង រួមទាំងវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកជាភស្តុតាង នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីដោះស្រាយគ្នាតាមច្បាប់បន្តទៀត ។ ដោយឡែកសាកសពទាំង៣នាក់ ដែលមានទាំងប្តីប្រពន្ធ និងប្អូនស្រីបង្កើតខាងប្តី គឺត្រូវបានសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕