រថយន្តកុងតឺន័រ បើកបោះពួយក្នុងល្បឿនយ៉ាងលឿន ស្រាប់តែមានម៉ូតូជិះឆ្លងខាងមុខ ក៏បួងចង្កូតគេចធ្លាក់ផ្លូវ
សន្តិសុខសង្គម
119

រាជធានីភ្នំពេញ ៖ រថយន្តយន្តដឹកទូរកុងតឺន័រមួយគ្រឿងបើកធ្លាក់ផ្លូវ ខណៈដែលកំពុងតែបើកបោះពួយក្នុងល្បឿនយ៉ាងលឿន ក៏ស្រាប់តែមានម៉ូតូមួយគ្រឿងបើកឆ្លងផ្លូវ ដោយមិនបានមើលមុខមើលក្រោយ ខ្លាចបុកអ្នកបើកបរ បួងចង្កូចគេចធ្លាក់ផ្លូវខ្លួនឯង សំណាងល្អមិនបង្ករអោយមានមនុស្សណាម្នាក់រងគ្រោះថ្នាក់ ឬទៅបុកបង្គោលភ្លើងអោយរងការខូចខាតឡើយ កាលពីវេលាម៉ោង ២និង ៥០នាទីរសៀលថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២១ នៅចំណុភូមិរបោះអង្កាញ់១ ផ្លូវថៃហ្គ័រ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តដឹកទូរកុងតឺន័រយមួយគ្រឿង ពណ៌បៃតង ពាក់ស្លាកលេខ ស្វាយរៀង 4A-0049 បើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវថៃហ្គ័រ ក្នុងទិសដៅចេញពីភ្នំពេញ ទៅកាន់ក្រុងបាវិត ក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់កន្លែងកើតហេតុ ក៏ស្រាប់តែមានម៉ូតូមួយគ្រឿងបើកបរដោយបុរសម្នាក់ បើកចេញពីក្នុងភូមិ ដោយមិនបានមើលមុខមើលក្រោយនោះ ដោយខ្លាចក្រែងបុកបុរសអ្នកបើកបររថយន្តកុងតឺន័រ ក៏បានបួងចង្កូចបណ្តាលអោយធ្លាក់ផ្លូវតែម្តង និងស្ទើរតែទៅបុកបង្គោលភ្លើងមួយដើមខាងមុខ។

ក្រោយពេលកើតហេតុ សម្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់កន្លែងកើតហេតុ ដោយឃើញថា រថយន្តដឹកទូកុងតឺន័រមួយគ្រឿងខាងលើបើកធ្លាក់ផ្លូវដោយខ្លួនឯង និងមិនបង្ករអោយមានមនុស្សណាម្នាក់រងគ្រោះថ្នាក់ និងមិនទៅបុកបង្គោលភ្លើង ក៏ឲ្យយករថយន្តមកស្ទូចយកទៅវិញផងដែរ ៕ មេសា


Telegram