រាជធានីភ្នំពេញ ៖ អាសូរណាស់ក្មេងប្រុសតូចម្នាក់បានបែកក្បាលស្លាប់ភ្លាមៗ និងស្ត្រីម្នាក់រួមនិងក្មេងប្រុសតូចម្នាក់ទៀត រងរបួសស្រាល បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តបែនដឹកដីបើកកៀរអោយដួល ហើយធ្លាក់ក្មេងចូលក្រោមកង់រថយន្តកិនពេញទំហឹង បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ នៅចំណុចមុខផ្សារជម្ពូវ័ន តាមបណ្តោយផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ស៊ុន ចានី អាយុ៩ឆ្នាំ ភេទប្រុស មានម្តាយឈ្មោះយ៉ាដា អាយុ៣៥ឆ្នាំ ស្នាក់សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ចំណែកតៃកុងរថយន្តបង្កឈ្មោះ ម៉ោ ថេរ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ មានស្រុកកំណើតនៅភូមិ ត្រពាំងថ្លក ស្រុករមាហែក ខេត្តស្វាយរៀង ។
ប្រភពព័ត៌មានស្ត្រីជាម្តាយបានឱ្យដឹងថា មុនពេលកើតហេតុរូបគាត់បានជិះម៉ូតូម៉ាកស្កុបពីពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HG 1765 ដឹកកូនប្រុស២នាក់ ទើបមកពីលេងស្រុកកំណើតនៅក្រុងតាខ្មៅ រួចគោលបំណងត្រឡប់ទៅផ្ទះវិញនៅសង្កាត់កំបូល ខណ្ឌកំបូល ដោយធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តបែនដឹកដីម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 3F-3727 ធ្វើដំណើរមកពីក្រោយ មកកៀរម៉ូតូរបស់គាត់បណ្តាលឱ្យដួលម៉ូតូ ខ្ទាតកូនប្រុសម្នាក់ដែលអង្គុយខាងក្រោយចូលក្រោមកង់រថយន្តកិនបែកស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម។ ចំណែកម្តាយនិងកូនប្រុសតូចម្នាក់ទៀត រងរបួសស្រាល ។
ប្រភពដដែលបានបន្តថា ភ្លាមនោះរថយន្តបង្កបានព្យាយាមបើករត់គេចរហូតទៅដល់ចំណុចក្បែរស្តុបកប់ស្រូវ ក៏ត្រូវបានសមត្ថកិច្ចស្ទាក់ជាប់ទៅមុខលែងរួច ព្រមទាំងឃាត់ខ្លួនបានតៃកុងរថយន្តបង្កយកទៅឃុំខ្លួនបណ្តោះអាសន្នសង្កាត់ចោមចៅទី៣ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅជំនាញការិយាល័យចរាចរណ៍ជើងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ មកធ្វើការវាស់វែងយករថយន្តបង្កនិងម៉ូតូ ជនរងគ្រោះ ទៅរក្សាទុករងចាំការដោះស្រាយតាមនិតិវិធីច្បាប់៕ អ៊ុ ស្រស់