រាជធានីភ្នំពេញ ៖ ប៉ុន្មានថ្ងៃចុងក្រោយនេះ មានការភ្ញាក់ផ្អើលពេញបណ្តាញសង្គម ខណៈដែលមានការទម្លាយរឿងរ៉ាវ របស់តារាកំប្លែង អ្នកនាង ស្រេង សុកាន់ដា ហៅខ្ញុង ពាក់ព័ន្ធនឹងរឿងបំណុលមិនទាន់បានទូទាត់ ដែលសរុបគឺប្រមាណជាង៥០ម៉ឺនដុល្លារ រហូតមានការស្នើ ឲ្យតារាកំប្លែង រូបនេះចូលខ្លួនមកដោះស្រាយ។
ជាក់ស្តែងនៅព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ នេះ តារាកំប្លែង អ្នកនាង ខ្ញុង បានយំឡាយបកស្រាយរឿងជំពាក់លុយគេជាង៥០ម៉ឺនដុល្លារខាងលើ និងបានចូលខ្លួនប្តឹងខ្លួនឯង នៅសាលាដំបូងរាជធានីភ្នំពេញ ។
អ្នកនាង ខ្ញុង បានរៀបរាប់ទាំងទឹកភ្នែក មុខបណ្តាអ្នកសារព័ត៌មានជាច្រើនអង្គភាព ឲ្យដឹងថា មូលហេតុដែលធ្វើឲ្យអ្នកនាង ឈានដល់ការជំពាក់គេច្រើនបែបនេះ គឺដោយសារ ខ្លាចគេផុសរូបរបស់អ្នកនាង ធ្វើឲ្យអ្នកនាងបាត់បង់កិត្តិយស ព្រោះកិត្តិយសសំខាន់ សម្រាប់អ្នកនាងណាស់ ដើម្បីរកលុយសងគេ ទើបអ្នកនាងខំស្កាត់ខ្ចីគេម្នាក់ផ្សេងទៀតមកសង ក្នុងនោះ សូម្បីតែម្ចាស់បំណុលដែលជាជនជាតិចិន ក៏ធ្លាប់បានថតរូបអ្នកនាងជាច្រើនសន្លឹក យកមកទុកបាចកន្លែងធ្វើការរបស់នាងឲ្យអ្នកនាងខ្មាស់នាង ទើបអ្នកនាង ភ័យខ្លាចខ្លាំង ក៏ខ្ចីគេតយកមកដោះបំណុលបន្តគ្នា ពោលគឺនិយាយឲ្យយល់ ខ្ចីគេ យកមកសងគេ ដែលហេតុធ្វើឲ្យការប្រាក់ ទាំងដើម ទាំងការ កើនឡើងរហូតច្រើនបែបនេះ ។
តារាកំប្លែង ស្រីរូបនេះ ក៏បានបន្តទៀតថា ដំបូងឡើយអ្នកនាង ជំពាក់គេត្រឹម២០០០ ទៅ៣០០០ដុល្លារប៉ុណ្ណោះ រហូតឡើងដល់ចំនួនលុយជាង ៥០ម៉ឺនដុល្លារបែបនេះ ទើបអ្នកនាងសុខចិត្តទម្លាយរឿងអាម៉ាសទាំងអស់ ចេញដោយផ្ទាល់មាត់ខ្លួនឯង បែបនេះតែម្តង និងបានចូលខ្លួនប្តឹងខ្លួនឯង នៅសាលាដំបូងរាជធានីភ្នំពេញផងដែរ ថាអ្នកនាងពិតជាជំពាក់គេពិតមែន ។
អ្នកនាងខ្ញុង បន្តទៀតថា បើម្ចាស់បំណុលទុកពេលឲ្យអ្នកនាងសងដើម តាមលទ្ធភាព អ្នកនាងមានការត្រេកអរណាស់ អ្នកនាងនឹងខំប្រឹងរកលុយដើម្បីយកមកសងម្ចាស់បំណុលឲ្យអស់ ទោះឲ្យអ្នកនាងធ្វើអ្វីក៏នាងព្រមធ្វើដែរ ឲ្យតែជាអំពើស្របច្បាប់ ហើយសម្រាប់ម្ចាស់បំណុលដែលមានអាជីវកម្មក្នុងដៃ ក៏អ្នកនាងសុខចិត្តទៅបម្រើការងារក៏បានដែរ ឲ្យតែរួចបំណុល ។
ក្តីសង្ឃឹមចុងក្រោយអ្នកនាង ស្រេង សុកាន់ដា ហៅខ្ញុង ក៏បានលើកដៃសំពះម្ចាស់បំណុល សុំឲ្យមានការលើកលែងទោស ពាក់ព័ន្ធនឹងការជាប់ពន្ធនាគារ អ្នកនាងនឹងខំរកលុយសងម្ចាស់បំណុលទាំងអស់ តែបើសិនជាម្នាក់ លើកលែង ម្នាក់ទៀតមិនលើកលែង អ្នកនាងក៏ព្រមធ្វើទៅតាមការសម្រេចរបស់គាត់ដែលជាម្ចាស់បំណុល ព្រោះអ្នកនាងបានតម្កល់សែក ឲ្យម្ចាស់បំណុលរួចទៅហើយ ហើយអ្នកនាង ក៏ដឹងថាសែក នឹងមានបញ្ហាអ្វីកើតឡើង ។
មិនតែប៉ុណ្ណោះ បើសិនដល់ដំណាក់កាលដែលអ្នកនាង ត្រូវជាប់គុក អ្នកនាងក៏ព្រមទទួល តែមុនអ្នកនាងជាប់គុក កាតព្វកិច្ចរបស់អ្នកនាង ក្នុងនាមជាម្តាយ ចុងក្រោយដែលធ្វើបានឲ្យកូនមុនចូលគុក និងអស់កិត្តិយសហើយនោះ អ្នកនាងសូមអំពាវនាវ ដល់បងប្អូនទាំងអស់ ដែលធ្លាប់ស្រឡាញ់គាំទ្រ អ្នកនាង សូមអាណិតមេត្តាជួយអ្នកនាងម្នាក់១ដុល្លារ ផង ដើម្បីទុកសម្រាប់កូនអ្នកនាង ទាំង២ឲ្យបានរស់បន្តនិងការ យំខ្សឹបខ្សួលផងដែរ ។
រឿងរ៉ាវរបស់អ្នកនាងខ្ញុង នៅពេលនេះ ក៏មានមហាជនខ្លះ បានលើកថា សង្ស័យអ្នកនាងលេងល្បែងនៅកាស៊ីណូ ទើបជំពាក់គេច្រើន តែបើតាមសម្តីរបស់អ្នកនាងខ្ញុង ដែលជាអ្នកឆ្លើយតបនឹងសំណួរនេះផ្ទាល់ បានបញ្ជាក់ថា អ្នកនាងមិនដែលយកលុយដែលជំពាក់គេទាំងនោះ ទៅលេងល្បែងកាស៊ីណូនោះទេ តែបើយកទៅលេងតុងទីន ដើម្បីបង្វិលលុយមករកស៊ី គឺអ្នកនាងលេងពិតមែន ៕ ស្រីនុច