រាជធានីភ្នំពេញ ៖ ជនសង្ស័យ ២នាក់ ត្រូវបានប្រជាពលរដ្ឋឡោមព័ន្ធនិងវាយទ្រមខ្លួន ទើបប្រគល់ជូនសមត្ថកិច្ច ក្រោយពីបានធ្វើសកម្មភាពឆក់ខ្សែកទម្ងន់ ២ជី ពីក្មេងប្រុសតូចម្នាក់បានសម្រេច តែអស់លក្ខណ៍គេចមិនផុត ដែលបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ៤និង៣០នាទីល្ងាច ថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២១ ស្ថិតក្នុងភូមិទ្រង់មាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុជនសង្ស័យទាំង ២នាក់ខាងលើជិះម៉ូតូមួយគ្រឿងម៉ាកស្មាសវី ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ 1I-7792 ដែលជិះឆ្លងកាត់នៅក្នុងភូមិទ្រង់មាន់ ខាងលើ បន្ទាប់មកជនសង្ស័យក៏ប្រទះឃើញក្មេងប្រុសតូចម្នាក់អាយុក្រោម ១០ឆ្នាំ រត់លេងនៅតាមផ្លូវក្បែរផ្ទះ ឃើញទំនងឱកាសល្អ ព្រោះក្មេងតូចខាងលើពាក់ខ្សែកមួយខ្សែ ក៏ធ្វើសកម្មភាពឆក់ទាញកន្ត្រាក់ពីកបានសម្រេច ហើយព្យាយាមជិះគេចខ្លួន ក៏ត្រូវបានម្តាយឪពុកគេឃើញទាន់ស្រែកឆោឡោចោរៗ ផ្អើលប្រជាពលរដ្ឋនាំគ្នាដេញតាមចាប់បានជនសង្ស័យទាំង២នាក់ខាងលើ និងស្វារគមន៍យ៉ាងកក់ក្តៅម្នាក់មួយដៃមួយជើង ទ្រមខ្លួនបែកមុខបែកមាត់ ទើបប្រគល់ជូនសមត្ថកិច្ចតាមក្រោយ។
ក្រោយកើតហតុ ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់ប៉ុស្តិ៍នគរបាលអូរបែកក្អម ដើម្បីសួរនាំនិងកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់ ៕ អ៊ុ ស្រស់