នារីវ័យក្មេងម្នាក់ បើករថយន្តព្រុស បុកក្បាលនាគចែកទ្រូងផ្លូវ ក្រឡាប់ផ្ងារជើងច្រង៉ាងនៅគល់ស្ពានអាកាសស្ទឹងមានជ័យ លូនចេញរថយន្តរួចឡើងជិះកង់បីទៅបាត់
សន្តិសុខសង្គម
294

រាជធានីភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ រួមដំណើរជាមួយមនុស្សម្នាក់ទៀត បានបើករថយន្តម៉ាកព្រុស មួយគ្រឿង បោះពួយក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកក្បាលនាគចែកទ្រូងផ្លូវ នៅគល់ស្ពានអាកាសស្ទឹងមានជ័យ បណ្តាលឲ្យក្រឡាប់ផ្ងារជើងច្រង៉ាងតែម្តង រួចលូនចេញពីរថយន្តឡើងជិះកង់បីទៅបាត់ ទុករថយន្តដែលក្រឡាប់នេះចោលកណ្តាលផ្លូវ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរ កាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ នៅចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ ផ្លូវលេខ ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់មកកាន់ក្រុមការងារTVFB ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ រថយន្តម៉ាកព្រុស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BB-5406 មួយគ្រឿងខាងលើ ដែលបើកបរដោយនារីវ័យក្មេងម្នាក់ និងនារីម្នាក់ទៀតជាអ្នករួមដំណើរជាមួយ តាមបណ្តោយផ្លូវលេខ ២១៧ ពីត្បូងទៅជើង មកដល់ចំណុចកើតហេតុ ដោយសារបើកលឿនពេក ក៏រេចង្កូតបុកក្បាលព្រួញចែកទ្រូងផ្លូវ លាន់ដូចរន្ទះ បណ្តាលអោយក្រឡាប់ប៉ះជើងម្ខាង ជាប់នារីទាំង២នាក់នៅខាងក្នុង ហើយត្រូវបានអ្នកនៅក្បែរខាង ដែលបានឃើញហេតុការណ៍ ជួយយកចេញខាងក្រៅ រួចហើយនាំគ្នាឡើងកង់បីទៅបាត់ ទុករថយន្តដែលរងការខូចខាតយ៉ាងដំណំចោលនៅកណ្តាលផ្លូវតែម្តង។

ក្រោយពេលកើតហេតុ ក៏មានសម្ថកិច្ចខណ្ឌមានជ័យ សហការជាមួយនិងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ហៅរថយន្តមកស្ទូច យករថយន្តម៉ាកព្រុសខាងលើ ទៅរក្សទុក ដើម្បីរង់ចាំម្ចាស់ចូលទៅធ្វើការដោះស្រាយគ្នជាបន្តទៀត៕ មេសា


Telegram