ខេត្តកណ្តាល៖ ករណីឃាតកម្ម ដែលបុរសម្នាក់ត្រូវបានគេប្រទះឃើញចាក់សម្លាប់ ស្លាប់ក្រោមដើមត្នោត យ៉ាងរន្ធត់ កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ នៅចំណុចផ្លូវ២៦១ ក្នុងភូមិអំពិលទឹក ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល នោះត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ អ្វីដែលសំខាន់នោះ ជនដៃដល់ជាឃាតករូបនេះ គិតស្មានថាសមត្ថកិច្ចមិនដឹង បែរជា ហ៊ានទៅចូលរួមបុណ្យសព ជនរងគ្រោះ ដែលជាមិត្តរបស់ខ្លួននោះ ថែមទៀត ហើយក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ នៅឃុំព្រែកខ្សាយ (ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង ដោយប្រើរយៈពេល២ថ្ងៃប៉ុណ្ណោះ ។ នេះបើយោងតាមផេក បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល ។
ការចាប់ខ្លួននេះ បានធ្វើឡើង ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកណ្តាល និងដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល និងព្រះរាជអាជ្ញា អមសាលាដំបូងខេត្តព្រៃវែង ក្រោមការចុះដឹកនាំស្រាវជ្រាវផ្ទាល់ ដោយលោក ទូច អ៊ីណាន មេបញ្ជាការរងទទួលជំនាញ និងចុះអនុវត្តស្រាវជ្រាវគ្រប់គោលដៅពាក់ព័ន្ធជាក់ស្តែង ដោយលោក សឿ បញ្ញា ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្ត ផងដែរ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ង្វៀង ដាងជុង ភេទប្រុស ជនជាតិវៀតណាម មានអាយុ៤០ឆ្នាំ មុខរបរម៉ៅការសំណង់ ស្នាក់នៅផ្ទះជួលសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទីកន្លែងកំណើត ឃុំព្រែកខ្សាយ (ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង។ ចំណែកជនសង្ស័យមានឈ្មោះ ស្រេង តាយ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិ៦ ឃុំព្រែកខ្សាយ (ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង ។
សមត្ថកិច្ចបានបន្តឲ្យដឹងថា ជនសង្ស័យជាឃាតក បានសារភាពថា នៅថ្ងៃកើតហេតុ ជនរងគ្រោះបានទូរស័ព្ទហៅរូបគេទៅជួបគ្នាមើលការងារសំណង់នៅភ្នំពេញ លុះដល់ថ្ងៃត្រង់ ជនសង្ស័យក៏បានជិះរថយន្តឈ្នួលចេញពីផ្ទះក្នុងខេត្តព្រៃវែង ទៅម្តុំផ្សារច្បារអំពៅ ដោយយកកូនកាំបិតចុងស្រួចដងជ័រពណ៌លឿង ០១ដើម ទុកក្នុងហោប៉ៅខោទៅជាមួយ ដើម្បីចាក់ជនរងគ្រោះ ព្រោះធ្លាប់កុហកខ្លួនច្រើនដងមកហើយ ធ្វើឲ្យគេខាតបង់លុយរហូត។ ពេលទៅដល់ផ្សារច្បារអំពៅ ជនសង្ស័យបានទូរស័ព្ទទៅជនរងគ្រោះជាច្រើនដងឲ្យទៅយកខ្លួន តែជនរងគ្រោះជាប់រវល់លេងអុក ដោយប្រាប់ថា ឲ្យចាំមួយភ្លែតៗ រហូតដល់វេលាល្ងាចទើបទៅជួបគ្នា ទើបជនសង្ស័យខឹងខ្លាំង ។ ជនរងគ្រោះបានដឹកជនសង្ស័យទៅមើលកាងារ ជិះតាមផ្លូវជាតិលេខ ៦A និងបន្តចូលទៅជិតដល់កន្លែងកើតហេតុក៏មានភ្លៀង ក៏នាំគ្នាចូលទៅអង្គុយនៅហាងជិតនោះ និងបានហៅស្រាបៀរផឹកអស់កន្លះកេសមួយសន្ទុះ ។ លុះជនសង្ស័យឲ្យជនរងគ្រោះទាក់ទងទៅគេដែលហៅមកមើលការងារនោះ តែជនរងគ្រោះបែជានិយាយថា មេឃភ្លៀងហើយយប់ងងឹតទៀតមិនបានទៅជួបទេ។ ដោយសារតែ តែងតែកុហកខ្លួនរហូតមក ទើបឈ្លោះប្រកែកគ្នា រួចគិតលុយជិះទៅមុខទៀត ដោយជនរងគ្រោះជាអ្នកឌុប និងប្រាប់ជនសង្ស័យឲ្យទៅដេកនៅផ្ទះខ្លួន នៅម្តុំស្ទឹងមានជ័យសិនទៅ ស្អែកចាំមកជួបគេនិយាយការងារទៀត។
សមត្ថកិច្ចបន្តថា ចម្លើយសារភាពនោះ បានបន្តទៀតថា ពេលកំពុងជិះម៉ូតូនោះ ជនសង្ស័យនិងជនរងគ្រោះនៅតែបន្តប្រកែកគ្នា ស្របពេលជនរងគ្រោះចង់ឈប់ចុះនោមសិន ក៏បង្អង់ម៉ូតូរៀបនឹងឈប់ដាក់ជន្ទល់ទៅហើយ ក៏ត្រូវជនសង្ស័យ យកកូនកាំបិតចុងស្រួច ដែលទុកក្នុងហោប៉ៅខោ ដកចេញចាក់ខ្នងជនរងគ្រោះពីក្រោយ ០១កាំបិត ។ ជនរងគ្រោះបានយកមួកសុវត្ថិភាពដេញវាយជនសង្ស័យវិញ ទើបជនសង្ស័យរត់ តែជនរងគ្រោះនៅតែបន្តដេញតាមខ្លួន ជនសង្ស័យក៏ចាក់ជនរងគ្រោះត្រូវ ០១កាំបិតទៀតចំទ្រូងខាងឆ្វេង និងចាក់លើខ្នងជាច្រើនកាំបិតបន្ថែមទៀត បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង រួចជនសង្ស័យបានលើកម៉ូតូជនរងគ្រោះជិះចេញទៅបាត់ ដោយបោះកូនកាំបិតចោល នៅជិតកន្លែងកើតហេតុ រួចជិះតាមផ្លូវជាតិលេខ ៦A ឡើងផ្លូវជាតិលេខ៨ ឆ្ពោះទៅផ្ទះរបស់ខ្លួននៅស្រុកពាមរក៍ ខេត្តព្រៃវែង និងឈប់កាច់ស្លាកលេខម៉ូតូចោលតាមផ្លូវ មិនចាំកន្លែង។ ដោយសារតែខ្លាច បែកការណ៍ រូបគេក៏យកម៉ូតូជនរងគ្រោះដែលខ្លួនជិះមកនោះ ទៅរុញទម្លាក់ចោលក្នុងទឹកស្រះស្ថិតនៅវត្តមួយ ស្ថិតក្នុងភូមិអ្នកលឿង ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង ។ លុះយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ខ្លួនក៏បានទៅចូលរួមបុណ្យសពជនរងគ្រោះដែលជាមិត្តភក្ដិ រស់នៅភូមិជាមួយគ្នានៅថ្ងៃបន្ទាប់ ធ្វើខ្លួនជាធម្មតាដើម្បីកុំឲ្យគេសង្ស័យ តែត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថឃាត់ខ្លួនបានតែម្តង ដកហូតបាន ម៉ូតូ ០១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ គ្មានផ្លាកលេខ និងទូរស័ព្ទដៃ ០១គ្រឿង ម៉ាក HUAWEI ពណ៌ខ្មៅ។
ពេលនោះ ជនសង្ស័យនិងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តកណ្ដាល និងបញ្ជូនបន្តដាក់ឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាលរួចហើយ៕