ខេត្តរតនគិរី ៖ ជំនន់ទឹកភ្លៀង បានវាយប្រហារខេត្តរតនគិរីបណ្ដាលឱ្យស្រុកដែលនៅតាមបណ្តោយទន្លេស្រែពក និងទន្លេសេសានចំនួន ០៥ស្រុក រងផលប៉ះពាល់រួមមានស្រុក លំផាត់ តាវែង អណ្តូងមាស កូនមុំ និងស្រុកអូរយ៉ាដាវ ហើយប្រជាពលរដ្ឋដែលរងផលប៉ះពាល់សរុបមានចំនួន២.០១១គ្រួសារ ក្នុងនោះអាជ្ញាធរបានជម្លៀសប្រជាពលរដ្ឋប្រមាណ ៧៧គ្រួសារទៅកាន់ទីទួលសុវត្ថិភាព។ នេះបើយោងតាមផេកផ្លូវការ របស់ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។
របាយការណ៍របស់រដ្ឋបាលខេត្តរតនគិរីនៅ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ នេះ បានបង្ហាញ ឲ្យដឹងថា មានផ្ទះសម្បែងប្រជាពលរដ្ឋចំនួន ៩៨២ខ្នង,សាលារៀនចំនួន ០៥ខ្នង,វត្តអារាមចំនួន ០៣កន្លែង,តូបលក់ឥវ៉ាន់ចំនួន ៧៥តូប,និងរោងជាងសិប្បកម្មផ្សេងៗចំនួន ១៣កន្លែងបានរងផលប៉ះពាល់។ ក្នុងនោះ ផ្ទៃដីស្រែចំនួន ១.០៧៧ហិកតា បានលិចលង់ធ្វើអោយប៉ះពាល់ស្រូវសន្ទូង១.២០៣ហិកតា បានជម្លៀសសត្វពាហនៈទៅទីទួលសុវត្ថិភាពក្នុងនោះមានគោចំនួន ២៤៨ក្បាល,ជ្រូកចំនួន ១១៦ក្បាល,មាន់ទាចំនួន ១.០៦៥ក្បាល និងបានលិចលង់ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍រួមមាន ផ្លូវក្រាលគ្រួសក្រហមប្រវែង ១៥.៦០០ម៉ែត្រ,ស្ពានបេតុងចំនួន ១១កន្លែង, លូកាត់ផ្លូវចំនួន ១១កន្លែង និងខូចខាតចំនួន ០១កន្លែង,អណ្តូងស្នប់ចំនួន ៩៣អណ្តូង,អណ្តូងលូចំនួន ៣៦៨អណ្តូង,បង្គន់អនាម័យចំនួន ៤៨១បង្គន់។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ ទឹក ទន្លេសេសាន ស្ថានីយកាចូនម៉ោង ១១:៣០នាទីព្រឹក ទឹកមានកំពស់៨.៣៧ម៉ែត្រ ទឹកស្រកចុះ០.៥០ម៉ែត្រ ខណៈចំណុចប្រកាសអាសន្ន៨.៥០ម៉ែត្រ។ ទឹកទន្លេស្រែពក ស្ថានីយលំផាត់វេលាម៉ោង ០១ ថ្ងៃត្រង់ ទឹកមាន
កំពស់ ១៣.៨១ម៉ែត្រ ទឹកឡើង ០.០១ម៉ែត្រ ខណៈចំណុចប្រកាសអាសន្ន ១២.៥០ម៉ែត្រ៕