អាជ្ញាធរក្រុងបាវិត ចុះផ្អាកការសាង សង់សំណង់ និងការចាក់បេតុងខ្ពស់ជាងផ្លូវ នៅលើដីចំណីផ្លូវសាធារណៈរបស់រដ្ឋ
សន្តិសុខសង្គម
147

ខេត្តស្វាយរៀង ៖ នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ លោក វណ្ណ សុមុន្នី អភិបាលរងក្រុងបាវិត តំណាងលោកអភិបាលក្រុងបាវិត បានដឹកនាំកម្លាំងក្រុមការងារចម្រុះ ចុះផ្អាកការសាង សង់សំណង់ និងការចាក់បេតុងខ្ពស់ជាងផ្លូវ នៅលើដីចំណីផ្លូវសាធារណ:របស់រដ្ឋ ត្រង់ចំណុចផ្លូវ៣១៩C ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

លោក វណ្ណ សុមុន្នី អភិបាលរងក្រុងបាវិត បានអោយអ្នកយកព័ត៍មានដឹងថា ម្ចាស់សំណង់ដែលអត់មានច្បាប់អនុញ្ញាត និងរំលោភលើចំណីផ្លូវសាធារណៈនោះឈ្មោះ ហ៊ុន ណង (ហៅកឹង) ដោយរដ្ឋបាលក្រុងបាវិត បានចុះផ្អាកការសាងសង់ចំនួន២លើក និងចុះធ្វើការណែនាំផ្ទាល់មាត់ជាមួយម្ចាស់សំណង់ចំនួន ៥លើកមកហើយ។

លោកអភិបាលរងក្រុងបាវិត បានបន្តថា ទោះបីជាអជ្ញាធរចុះមកណែនាំយ៉ាងណាក៏ដោយ ម្ចាស់សំណង់នោះមិនចូលរួមអនុវត្តតាមការណែនាំរបស់រដ្ឋបាលក្រុងបាវិតទេ នៅតែលួចបន្តសាងសង់សំណង់ និងការចាក់បេតុងខ្ពស់ជាងផ្លូវ នៅលើដីចំណីផ្លូវសាធារណ:របស់រដ្ឋដដែល ទើបរដ្ឋបាលក្រុងបាវិត ប្រើវិធានការក្តៅបែបនេះ។

លោក វណ្ណ សុមុន្នី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់សំណង់ទាំងអស់មុនសងសំណង់អ្វីមួយត្រូវសុំច្បាប់អនុញ្ញាតពីអាជ្ញាធរដែនដី និងមន្ត្រីជំនាញជាមុនសិនជៀសវាងដូចករណីខាងលើនេះនាំអោយខាតបង់ និងអាចមានទោសទាន់ផងដែរ៕


Telegram