ជនសង្ស័យ៣នាក់ មានទាំងមុខសញ្ញាចេញពីគុ.ក ធ្វើសកម្មភាពជាច្រើនបទល្មើស ត្រូវប៉ូលិសស្រុកកៀនស្វាយ ក្របួ.ចបាន
សន្តិសុខសង្គម
97

ខេត្តកណ្តាល ៖ ជនសង្ស័យ៣នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ឈើទាល សហការជាមួយ នគរបាលប៉ុស្ដិ៍បន្ទាយដែកនិង ផ្នែកនគរបាលយុត្តិធម៌ ស្រុកកៀនស្វាយ ធ្វើការចាប់ឃាត់ខ្លួន ពាក់ព័ន្ធករណីលួច ទូរសព្ទ និងលុយ កាលពីវេលាម៉ោង ១និង០៥នាទី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ នៅចំណុចភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។ នេះបើយោងតាមផេក ព័ត៌មានអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សេង ស៊ីនឿន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរលក់ទឹកកក មានទីលំនៅភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ចំណែកជនសង្ស័យដែលឃាត់ខ្លួនបាន មានគ្នា៣នាក់ រួមមាន ៖

១/ឈ្មោះខាន់ សុខា ហៅផ្លយភេទប្រុស អាយុ ២៣ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន) មុខសញ្ញាចេញពីពន្ធនាគារ។

២/ឈ្មោះខាន់ ដាវ៉ាន់ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិកណ្ដាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល(ឃាត់ខ្លួន)។

៣/ឈ្មោះ ជា ចាន់អូនភេទប្រុស អាយុ ១៩ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិត បានទីលំនៅភូមិ អង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល(ឃាត់ខ្លួន) ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AF-8383 ដើម្បីដឹកទឹកកកលក់តាមផ្លូវ និងដាក់តាមផ្ទះអោយម៉ូយដូចរាល់ដង។ លុះដល់ម៉ោង១និង០៥នាទីថ្ងៃខែឆ្នាំដដែល ជនរងគ្រោះបានឈប់រថយន្តនៅចំណុចផ្លូវលេខ១៦៦Aក្នុង ភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ដើម្បីដាក់ទឹកកក អោយម៉ូយ ស្រាប់តែពេលនោះជនសង្ស័យ២នាក់ ម្នាក់ឈ្មោះ ខាន់ សុខា ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល និងប្អូនប្រុសបង្កើតឈ្មោះ ខាន់ ដាវ៉ាន់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបររ កម្មកររោងចក្រ បានជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ ភ្នំពេញ1ID-0413 មកឈប់ក្បែរ រថយន្តរបស់ជនរងគ្រោះ ។ ភ្លាមនោះជនសង្ស័យឈ្មោះខាន់ សុខា ហៅផ្លយ បានបើកទ្វារ រថយន្តជនរងគ្រោះលួចយកលុយចំនួន២០០,០០០រៀល(ម្ភៃម៉ឺនរៀល) និងទូរសព្ទ័ដៃម៉ាកOPPOមួយគ្រឿងទៀត មានតម្លៃ៤០០$(បួនរយដុល្លាអាមេរិច)។ ឃើញដូច្នេះជនរងគ្រោះបានស្រែកថា ចោរៗ ភ្លាមនោះជនសង្ស័យឈ្មោះខាន់ សុខា ហៅផ្លយ ភេទប្រុស បានរត់គេចខ្លួន ហើយជនរងគ្រោះក៏បានរត់ដេញតាម បានប្រហែល១៥ម៉ែត្រឈ្មោះខាន់ ដាវ៉ាន់ ភេទប្រុស បានជិះម៉ូតូពីក្រោយមកក្បែរឈ្មោះខាន់ សុខា ហៅផ្លយ ភេទប្រុស ។ បន្ទាប់មកជនសង្ស័យឈ្មោះខាន់ សុខា ហៅ ផ្លយ ភេទប្រុស បានលោតឡើងជិះម៉ូតូក៏ធ្លាក់ទូរស័ព្ទដៃរបស់ខ្លួនមួយគ្រឿងម៉ាក HUAWEI ពណ៌ស ពីហោប៉ៅ ពេលនោះជនរងគ្រោះបានរើសទូរស័ព្ទដៃនោះយកមកទុក។

លុះដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១វេលាម៉ោង០៧និង៤០នាទី ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល នឹងបានប្រគល់ទូរស័ព្ទដៃម៉ាកHUAWEI ពណ៌ស ដែលជារបស់ជនសង្ស័យមកអោយសមត្ថកិច្ច ក្រោយពីទទួលបានពាក្យបណ្ដឹង និងទូរស័ព្ទដៃរបស់ជនសង្ស័យរួចមក កម្លាំងនគរបាលប៉ុស្តិ៍ឈើទាល សហការជាមួយកម្លាំងនគរបាលយុត្តិធម៌ស្រុកកៀនស្វាយ និងកម្លាំងនគរបាលប៉ុស្តិ៍បន្ទាយដែកចុះស្រាវជ្រាវ នឹងឃាត់ខ្លួនជនសង្ស័យឈ្មោះខាន់ សុខា ហៅផ្លយ ភេទប្រុស មកសួនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយដែក។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះខាន់ សុខា ហៅផ្លយ ភេទប្រុសបានឆ្លើយសារភាពថា ខ្លួនរួមជាមួយប្អូនប្រុសបង្កើតឈ្មោះខាន់ ដាវ៉ាន់ ភេទប្រុស ពិតជាបានប្រព្រឹត្តករណី អំពើលួច លុយ នឹង ទូរស័ព្ទដៃម៉ាក់OPPOរបស់ឈ្មោះសេង ស៊ីនឿន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ទឹកកក មានទីលំនៅភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល ពិតប្រាកដមែន។

ក្រោយពីធ្វើសកម្មភាពរួចហើយឈ្មោះខាន់ សុខា ហៅផ្លយ ភេទប្រុស នឹង ឈ្មោះខាន់ ដាវ៉ាន់ ភេទប្រុស បានបន្តទៅធ្វើសកម្មភាព លួចទូរស័ព្ទដៃរបស់គេមួយគ្រឿងទៀតស្ថិតនៅភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាលមួយករណីទៀត និងបានសារភាពទៀតថា ខ្លួនរួមជាមួយប្អូនប្រុសបង្កើត ឈ្មោះខាន់ ដាវ៉ាន់ ភេទប្រុស ធ្លាប់បានធ្វើសកម្មភាព លួចទូរស័ព្ទដៃរបស់គេជាច្រើនករណីមកហើយ នឹង បានធ្វើសកម្មភាពលួចម៉ូតូរបស់គេមួយគ្រឿងម៉ាកសេ១២៥ ស៊េរី២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1ID-0413នៅសង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

បន្ទាប់មកកម្លាំងផ្នែកនគរបាលយុត្តធម៌ នឹង កម្លាំងនគរបាលប៉ុស្តិ៍បន្ទាយដែក បានបន្តឃាត់ខ្លួនជនសង្ស័យឈ្មោះខាន់ ដាវ៉ាន់ ភេទប្រុស មកសួរនាំនៅផ្នែកនគរបាលយុត្តិធម៌ស្រុកកៀនស្វាយ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះខាន់ ដាវ៉ាន់ បានឆ្លើយសារភាពថា ខ្លួនរួមជាមួយបងប្រុសបង្កើត ឈ្មោះខាន់ សុខា ហៅផ្លយ ភេទប្រុស ពិតជាបានប្រព្រឹត្តអំពើលួច ដូចការរៀបរាប់របស់ឈ្មោះខាន់ សុខា ហៅផ្លយ ភេទប្រុសពិតប្រាកដមែន ហើយឈ្មោះខាន់ សុខា ហៅផ្លយ បានឆ្លើយសារភាពទៀតថា នៅថ្ងៃខែមិនចាំ ឆ្នាំ ២០២១ ម៉ោង៤និង១៩នាទីល្ងាច ខ្លួនរួមជាមួយ ឈ្មោះ ជា ចាន់អូន ភេទប្រុស បានឌុបគ្នាមកក្នុងភូមិ ស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ធ្លាប់ធ្វើសកម្មភាពឆក់យកទូរសព្ទ័ តែមិនបានសម្រេច ទើបកម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុកកៀនស្វាយ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍បន្ទាយដែកនាំខ្លួនឈ្មោះជា ចាន់អូន មកសួនាំនៅផ្នែកនគរបាលយុត្តិធម៌ស្រុកកៀនស្វាយ នៅចំពោះមុខសមត្ថកិច្ចឈ្មោះ ជា ចាន់អូន ឆ្លើយសារភាពថា ខ្លួនពិតជាធ្លាប់បានធ្វើសកម្មភាពឆក់ជាមួយឈ្មោះ ខាន់ សុខា ហៅផ្លយ ភេទប្រុស ពិតប្រាកដមែនតែមិនបានសម្រេច។

បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាង កំពុងឃាត់ខ្លួនបណ្ដោះអាសន្ន ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់៕


Telegram