ខេត្តកណ្តាល ៖ ជនសង្ស័យចំនួន៣នាក់ ក្នុងចំណោមបក្ខពួក ៤នាក់ ដែលតែងតែធ្វើសកម្មភាព ទាក់សត្វឆ្កែ របស់ពលរដ្ឋតាមភូមិ យ៉ាងសកម្ម ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាន ខណៈម្នាក់ទៀតរត់បាត់ កាលពីវេលាម៉ោង ១២និង ០៥នាទី យប់ ឈានចូលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ នៅចំណុច ភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានគ្នា៤នាក់ រួមមាន ៖
១/ឈ្មោះ វ៉េង សិលា ហៅខ្លី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិកំពង់សំបួរលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល (ឃាត់ខ្លួន)។
២/ឈ្មោះ ឡេង វណ្ណារ៉ា ហៅទុង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិស្វាយលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល (ឃាត់ខ្លួន) (ធ្លាប់ជាប់ពន្ធនាគាររយៈពេល០៦ខែ)។
៣/ឈ្មោះ ផន ពេជ្រ ហៅស្រ៊ុន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិព្រែកតាដួង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល(ឃាត់ខ្លួន)។
៤/ឈ្មោះ យ៉ែម ជីវ័ន្ដ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិព្រែកតាដួង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល (រត់គេចខ្លួន) ។
ជនសង្ស័យទាំង០៤នាក់ បានជិះម៉ូតូចំនួន២គ្រឿង០១គ្រឿង ម៉ាកស៊ុយស៊ូគីស្មាស់ ស៊េរី២០០៩ ពាក់ស្លាកលេខ កណ្ដាល 1H-1590 ពណ៌ខ្មៅបិត ស្គត់ពណ៌ខ្មៅ និង០១គ្រឿង ទៀតម៉ាកសេ១១០ ពណ៌ខ្មៅស៊េរីឆ្នាំ២០១២ មិនចាំស្លាកលេខ ដោយឈ្មោះ ឡេង វណ្ណារ៉ា ហៅទុង ភេទប្រុស ជិះម៉ូតូម៉ាកសេ១១០ ស៊េរី២០១២ ពណ៌ខ្មៅ ឌុបឈ្មោះ យ៉ែម ជីវ័ន្ដ ភេទប្រុស កាន់ដងសម្រាប់ទាក់សត្វឆ្កែ ។ ចំណែកឈ្មោះ វ៉េង សិលា ភេទប្រុស ជិះម៉ូតូម៉ាកស៊ុយស៊ូគីស្មាស ឌុបឈ្មោះ ផន ពេជ្រ ហៅស្រ៊ុន ភេទប្រុសជិះតាមពីក្រោយដើម្បីរើសសត្វឆ្កែដែលបក្សពួកទាក់បាន ចេញពីសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល(កន្លែងធ្វើសំណង់) ដើម្បីទាក់សត្វឆ្កែ លុះពេលជិះម៉ូតូមកដល់សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ (ផ្លូវ១១០) ក្រុមជនសង្ស័យទាក់បានសត្វឆ្កែចំនួនមួយក្បាលសម្បុខ្មៅ(ញី) ហើយក៏នាំគ្នាជិះម៉ូតូមកខាងស្រុកកៀនស្វាយ ។ លុះជិះម៉ូតូមកដល់ភូមិព្រែកដូង ឃុំកំពង់ស្វាយ ខេត្តកណ្ដាល ក្រុមជនសង្ស័យបានធ្វើសកម្មភាពទាក់សត្វឆ្កែ បានចំនួនមួយក្បាលទៀត សម្បុរចំប៉ា(ឈ្មោល) ពេលនោះកម្លាំងនគរបាលប៉ុស្តិ៍កំពង់ស្វាយ ល្បាតមកដល់ចំណុចនោះ ឃើញមានការសង្ស័យ ក៏ឃាត់ដើម្បីសួរនាំឃើញមានវត្ថុតាង និងសម្ភារៈធ្វើសកម្មភាពបាននាំខ្លួនក្រុមជនសង្ស័យមកប៉ុស្តិ៍នគរបានកំពង់ស្វាយ។
ចំណែកជនសង្ស័យឈ្មោះយ៉ែម ជីវ័ន្ដ័ ភេទប្រុស បានជិះម៉ូតូម៉ាកសេ១១០ ស៊េរី២០១២ ពណ៌ខ្មៅ រត់គេចខ្លួនបាត់។ នៅចំពោះមុខសមត្ថកិច្ច ក្រុមជនសង្ស័យទាំង៣នាក់ខាងលើ បានឆ្លើយសារភាពថា ពួកខ្លួនរួមជាមួយឈ្មោះ យ៉ែម ជីវ័ន្ដ ភេទប្រុស ពិតជាបានប្រព្រឹកអំពើ លួច(ទាក់សត្វឆ្កែ) ពិតប្រាកដមែន។
បច្ចុប្បន្ជជនសង្ស័យរួមជាមួយវត្ថុតាង កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តនីតិវិធីច្បាប់ ៕