រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានធ្វើការដេញប្រផាប់ប្រផីងចាប់ឃាត់ជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាព ឆក់កាបូប ពីនារីម្នាក់កំពុងធ្វើដំណើរតាមដងផ្លូវ បានសម្រេច ខណៈដែលកម្លាំងនគរបាលជំនាញកំពុងល្បាតឃើញឆក់ជាក់ស្ដែង កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ នៅចំណុចផ្លូវរថភ្លើង ម្ដុំសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សុវណ្ណ វីរៈ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ ម្ដុំសង្កាត់ បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីនគរបាលជំនាញបានប្រាប់ក្រុមការងារ TVFB ឲ្យដឹងថា ដោយមានបទបញ្ជាពីថ្នាក់លើ ណែនាំឲ្យចុះជួយល្បាតតាមមូលដ្ឋាន នៅមុនពេលកើតហេតុ កម្លាំងជំនាញល្បាតរបស់ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានល្បាតក្នុងមូលដ្ឋាន ស្រាប់តែមាននារីម្នាក់ កំពុងជិះម៉ូតូ ម៉ាកវីវ៉ា តាមបណ្ដោយផ្លូវលេខ១៩៨៦ ខណៈនោះមានជនសង្ស័យម្នាក់ជិះម៉ូតូ ម៉ាកឃ្លីក ពណ៌ខ្មៅ លាយទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ1IX-1140 ជិះពីក្រោយនារីរងគ្រោះ បានធ្វើសកម្មភាពឆក់កាបូប បានសម្រេច ភ្លាមៗនោះកម្លាំងកំពុងល្បាតបានឃើញហេតុនោះ ក៏ដេញប្រផាប់ប្រផីង ពីចំណុចកើតហេតុ នៅតាមបណ្ដោយផ្លូវលេខ១៩៨៦ សង្កាត់ភ្នំពេញថ្មី រហូតដល់ផ្លូវរថភ្លើង មូលដ្ឋានសង្កាត់ទួលសង្កែទី១ ទើបឃាត់ខ្លួនសង្ស័យបានសម្រេច។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាង បញ្ជូនទៅកាន់ក្រសួងមហាផ្ទៃ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការ ចាត់ការតាមនីតិវិធី។ ចំណែកវត្ថុតាងកាបូបនារីរងគ្រោះខាងលើ ត្រូវបានកម្លាំងនគរបាល ប្រគល់ជូន ជនរងគ្រោះ វិញផងដែរ៕ នង មឿន