មេឃកំពុងមានការធ្លាក់ភ្លៀងខ្លាំង ថែមទាំងមានខ្យល់កន្ត្រាក់ទៀត បាក់ជញ្ជាំងឥដ្ឋ របស់ការដ្ឋានទើបសាងសង់មួយកន្លែង សង្កត់លើផ្ទះប្រជាពលរដ្ឋ របួស២នាក់
សន្តិសុខសង្គម
81

រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់ មានមនុស្សចំនួន២នាក់ បានរងរបួស ខណៈមេឃកំពុងមានការធ្លាក់ភ្លៀងខ្លាំង បូករួមទាំងមានខ្យល់កន្ត្រាក់ បោកបក់ផងនោះ កំពុងនៅក្នុងផ្ទះសុខៗ ក៏ត្រូវបានជញ្ជាំងឥដ្ឋ របស់ការដ្ឋានទើបសាងសង់មួយកន្លែង នៅជាន់ទី៣ បាក់ធ្លាក់សង្កត់លើផ្ទះរបស់ពួកគាត់ បាក់រងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ៧និង ២០នាទី យប់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ នៅចំណុចផ្លូវបេតុង ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមប្រភពពីម្ចាស់ផ្ទះកើតហេតុខាងលើ បានឲ្យដឹងថា ពេលកើតហេតុនោះ មានការធ្លាក់ភ្លៀងខ្លាំង បូករួមទាំងមានខ្យល់កន្ត្រាក់ បោកបក់ផង គាត់និងគ្រួសារ ក៏នាំគ្នាអង្គុយលើគ្រែក្នុងផ្ទះ ស្រាប់តែនៅសុខៗ ក៏ត្រូវជញ្ជាំងឥដ្ឋ របស់ការដ្ឋានទើបសាងសង់មួយកន្លែង នៅជាន់ទី៣នោះ បានបាក់សង្កត់ចំសំយ៉ាបផ្ទះរបស់គាត់ បាក់ទ្រេតស្ទើរដល់ដីមួយចំហៀង បណ្តាលឲ្យមានមនុស្ស២នាក់ រងរបួសតែម្តង។

បន្ទាប់ពីកើតហេតុ គាត់ក៏បានរាយការណ៍ជូនសមត្ថកិច្ច ហើយភ្លាមៗ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចពិនិត្យ និងហៅម្ចាស់ការដ្ឋាន មកសាកសួរ និងណែនាំអប់រំឲ្យមានការប្រុងប្រយត្ន័ រួចឲ្យភាគីខាងការដ្ឋានខាងលើ សងថ្លៃខូចខាតដល់ផ្ទះជនរងគ្រោះ ដើម្បីបញ្ចប់រឿងផងដែរ៕


Telegram