សង្ស័យស្រវឹង បុក៣នាក់ ជិះម៉ូតូលឿន ទៅបុកចំហៀងរថយន្តស៊េរីទំនើបមួយគ្រឿង ខ្ទេចទ្វារមួយចំហៀង របួសខ្លួនឯងហើយ សងគេអស់១១០០ដុល្លារទៀត ដើម្បីបញ្ចប់រឿង
សន្តិសុខសង្គម
95

រាជធានីភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយបុរសចំនូន៣នាក់ បានជិះម៉ូតូឌុបគ្នា សង្ស័យក្នុងស្ថានភាពស្រវឹង បានបុករថយន្តស៊េរីទំនើបមួយគ្រឿង ចំចំហៀង បណ្តាលឲ្យខ្ទេចទ្វាររថយន្តមួយចំហៀង រងការខូចខាតយ៉ាងដំណំ និងបណ្តាលឲ្យបុរសម្នាក់ របួសបាក់ដៃ សន្លប់បាត់មាត់ឈឹង រីឯ២នាក់ទៀត របួសស្រាល បង្កការភ្ញាក់ផ្អើលនៅម៉ោង ១០យប់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ នៅចំណុចផ្លូវ១០៦ កែងផ្លូវ១៣ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ រថយន្តមួយគ្រឿង ស៊េរីទំនើប ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AP-8444 បើកបរពីកើតទៅលិច តាមបណ្តោយផ្លូវ១០៦ ដល់ចំណុចផ្លូវបែកជា៤ ក៏ត្រូវបានម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1W-5066 ជិះគ្នា៣នាក់ ក្នុងល្បឿនលឿនតាមផ្លូវលេខ១៣ សង្ស័យក្នុងស្ថានភាពស្រវឹង ក៏បុកផ្ទប់ចំហៀងរថយន្ត ពេញទំហឹង បណ្តាលឲ្យខ្ទេចទ្វាររថយន្តមួយចំហៀង រងការខូចខាតយ៉ាងដំណំ និងបណ្តាលឲ្យបុរសម្នាក់ របួសបាក់ដៃ សន្លប់បាត់មាត់ឈឹង រីឯ២នាក់ទៀត របួសស្រាល តែម្តង ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលមូលដ្ឋាន សហការជាមួយនគរបាលចរាចរណ៍ជំនាញ បានចុះមកធ្វើការពិនិត្យ និងវាស់វែង រួចទុកពេលឲ្យភាគីទាំង២ដោះស្រាយគ្នា ដោយភាគីខាងរថយន្តទាមទារសំណង ១៥០០ដុល្លារ តែខាងម៉ូតូសុំត្រឹម ១១០០ដុល្លារ ទើបយល់ព្រមបញ្ចប់រឿងតែម្តង ៕


Telegram