តារាកំប្លែង អ្នកនាង ខ្ញុង ប្រកាសវេរប្រាក់ដែលសប្បុរសជនជួយមកកាន់នាង ត្រឡប់ទៅវិញទាំងអស់ !
សន្តិសុខសង្គម
171

រាជធានីភ្នំពេញ ៖ បន្ទាប់ពីមានការផ្ទុះរឿងចម្រូងចម្រាស់ជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីតារាកំប្លែង អ្នកនាង ខ្ញុង ឈ្មោះពេញ ស្រេង សុកាន់ដា បានឡាយយំរៀបរាប់ពីការជំពាក់បំណុលគេ ជាងកន្លះលានដុល្លារ ដោយគ្រាន់តែការប្រាក់ត្រូវបង់ឲ្យគេ ចន្លោះពី៣០០០០ ទៅ៤០០០០ដុល្លារ ក្នុង១ខែ រហូត តារាកំប្លែង អ្នកនាង ខ្ញុង ក៏បានចូលប្តឹងខ្លួនឯងនៅតុលាការ ថែមទៀតនោះ គឺមានអាណិតខ្លាំងពីសំណាក់មហាជន ដោយបានបរិច្ឆាគថវិកា រៀងៗខ្លួនតាមសទ្ធា ជួយដល់អ្នកនាងខ្ញុង ជាបន្តបន្ទាប់ តាមការសូមណូមពរ អង្វរករបស់អ្នកនាង ទៅកាន់មហាជន ដើម្បីទុកសម្រាប់ចិញ្ចឹមកូន ប្រសិនបើនាងអាចប្រឈមមុខនឹងការជាប់ពន្ធនាគារ ។

ប៉ុន្តែរំលងប្រមាណ២ថ្ងៃប៉ុណ្ណោះ ស្រាប់តែមានការលេចលឺថា រឿងរ៉ាវទាំងអស់នេះ គឺជាការសម្តែង និងរៀបគម្រោងបោកប្រាស់មហាជន ទៅវិញ ។ ហើយកាលពីម្សិលមិញនេះ អ្នកនាងខ្ញុង ក៏បានធ្វើសន្និសិទ្ធកាសែត បញ្ជាក់ថា អ្នកនាងហ៊ានស្បថ ថារឿងទាំងអស់ មិនមែនជាការសម្តែង និងរៀបគម្រោងបោកប្រាស់មហាជន នោះទេ តែជារឿងពិតទាំងអស់ តែអ្នកនាងហ៊ានសូមណូមពរ១ដុល្លារ ពីមហាជនបែបនេះ ក៏ក្រោយពេលបានជួប នឹងលោកគ្រូ ដែលមានឈ្មោះល្បីល្បាញ គឺលោកគ្រូ សៀវ សុផល ។

ក្នុងថ្ងៃនោះ អ្នកនាងខ្ញុង បានបញ្ជាក់ថា លុយ ឡាន ផ្ទះ អ្នកនាងបានលក់សងគេអស់ហើយ មិនបានទុកដូចការរិះគន់នៅក្នុងបណ្តាញសង្គមនោះទេ ហើយអ្នកនាងក៏បានបញ្ជាក់ថា អ្នកនាង នឹងបរិច្ឆាគថវិការដែលសប្បុរសជនបានជួយ ចំនួន៥០ភាគរយ ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា និងចាស់ជរា ថែមទៀត។

ក្រោយមកទៀត ហាក់បីដូចគ្នាមិនទាន់ចប់មន្ទិល នៅតែជាប្រធានបទរិះគន់ពីសំណាក់មហាជនដដែល កាលពីវេលាម៉ោង ៨ និង១០នាទី យប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ម្សិលមិញ គណនីFacebook ផ្លូវការរបស់អ្នកខ្ញុងឈ្មោះ Srey Knhong ក៏បានបង្ហោះថា អ្នកនាងនឹងបាញ់លុយ ដែលបងប្អូនបាញ់ចូលឲ្យអ្នកនាង ត្រឡប់ទៅបងប្អូនវិញទាំងអស់ ដែលមានខ្លឹមសារទាំងស្រុងថា « ជំរាបសួរបងប្អូនទាំងអស់គ្នា នាងខ្ញុំមានរឿង៤

១.នាងខ្ញុំសូមបាញ់លុយដែលបងប្អូនបាញ់ចូលយកឱ្យនាងខ្ញុំ ត្រឡប់ទៅបងប្អូនវិញទាំងអស់ សូមបងប្អូនផ្ញើ វិក្កយបត្រដែលបានបាញ់ឱ្យខ្ញុំចូលក្នុងផេកនេះ ខ្ញុំនឹងមើលចំនួនបញ្ជូនបងប្អូនវិញ

២.នាងខ្ញុំសុំពេលពីម្ចាស់ផ្ទះក្នុងការពន្យារការបង់រំលោះប្រចាំខែមួយរយៈសិន ឬបើបងប្អូនណាចង់ទិញនាងខ្ញុំនិងលក់ផ្ទះដែលបានបង់រំលស់មួយរយៈកន្លងមកនេះ។

៣.នាងខ្ញុំសូមប្រកាសលក់ឡានរបស់ប្ដី ដើម្បីយកលុយមកធ្វើដើមទុនចុងក្រោយ

៤.ខ្ញុំសូមអង្វរម្ចាស់បំណុលទាំងអស់ទុកពេលឲ្យនាងខ្ញុំរកលុយសងផង ខ្ញុំនឹងប្រឹងរកលុយសងបងប្អូនទាំងអស់គ្នា។

នាងខ្ញុំសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានស្រឡាញ់អាណិតនឹងយល់អំពីនាងខ្ញុំនឹងប្ដី។ » ៕


Telegram