ទឹកអូរព្រំដែន បន្តហក់ឡើងខ្លាំង គ្មានការថមថយ ខណៈពលរដ្ឋជាង១០០គ្រួសារ ត្រូវបានអាជ្ញាធរជម្លៀសមកទីទួលសុវត្ថិភាព និងកំពុជម្លៀសបន្តបន្ទាប់
សន្តិសុខសង្គម
197

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ សរុបចំនួន ១១៦គ្រួសារ គិតត្រឹមម៉ោង ៦ និង៣០នាទី ល្ងាច ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ត្រូវបាន អាជ្ញាធរ ជម្លៀសមកទួលសុវត្ថិភាព ជាបន្តបន្ទាប់ ។ នេះបើយោងតាមផេក រដ្ឋបាលខេត្តបន្ទាយមានជ័យ ។

អាជ្ញាធរបានឲ្យដឹងថា ដោយ អនុសាសន៍ការណែនាំរបស់ឯកឧត្តម អ៊ុ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ម្សិលមិញមន្ត្រីប្រតិបត្តិសាខា ដឹកនាំអ្នកស្ម័គ្រចិត្តកក្រក ចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅលើទីទួលសុវត្ថិភាព ដែលជម្លៀសចេញពីទឹកជំនន់ ក្នុងក្រុងប៉ោយប៉ែត (ជាព័ត៌មានបឋម) លើ២សង្កាត់ មានសង្កាត់ប៉ោយប៉ែត លើទួលសុវត្ថិភាពសាលាកូរ៉េ ប្រជាពលរដ្ឋជម្លៀស៤៩គ្រួសារ វត្តបាលិលេយ្យប្រជាពលរដ្ឋជម្លៀស២៩គ្រួសារ និងសង្កាត់ផ្សារកណ្តាល លើទួលបូរីខេអិនប្រជាពលរដ្ឋជម្លៀស២៧គ្រួសារ និង ទួលគោកស្បែងប្រជាពលរដ្ឋជម្លៀស១១គ្រួសារ។

សូមបញ្ជាក់ថា មកដល់ពេលនេះប្រជាពលរដ្ឋនៅតែមានការជម្លៀសជាបន្តបន្ទាប់ ព្រោះទឹកអូរព្រំដែននៅតែមានសភាពហក់ឡើង មិនទាន់មានការថមថយនៅឡើយទេ៕


Telegram