រាជធានីភ្នំពេញ ៖ បុរសម្នាក់ បានបើករថយន្តកាមរីបាឡែន សង្ស័យក្នុងស្ថានភាពស្រវឹង បានរេចង្កូតមកបុក សួនច្បារពុះចែកទ្រូងផ្លូវ កល់ជាប់ទៅមុខលែងរួចតែម្តង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២ និង២៥នាទីយប់ ឈានចូលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ នៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ សង្ស័យស្រវឹង បើកបររថយន្តម៉ាកតូយ៉ូតាកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AC-5773 តាមមហាវិថីសហព័ន្ធរុស្សី ពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ក៏មានរថយន្តមួយគ្រឿងទៀត ធ្វើដំណើរស្របទិសគ្នា បានបត់កាត់មុខចូលទៅផ្លូវលេខ១០៩ គាត់អ្នកបើកបររថយន្តជាន់ហ្វ្រាំងមិនទាន់ រេចង្កូតទៅបុកសួនច្បារពុះចែកទ្រូងផ្លូវកល់ជាប់ទៅមុខលែងរួចតែម្តង តែសំណាងមិនមានរបួសអ្វីឡើយ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកើតហេតុ រួចធ្វើការទាក់ទងទៅកាន់សមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង យករថយន្តខាងលើ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់រថយន្តខាងលើ ចូលខ្លួនមកដោះស្រាយទៅតាមនីតិវិធីច្បាប់៕ ពេជ្រ