ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់ ត្រូវបាននគរបាល ប៉ុស្តិ៍កញ្ជរ ធ្វើការឃាត់ខ្លួន ក្រោយទទួលបានពាក្យបណ្តឹងពីបងបង្កើតរបស់ជនសង្ស័យ ថា ជនសង្ស័យជាប្អូនប្រុសបង្កើតរូបនេះ បានយកពូថៅកាប់ក្បាលម្តាយ បណ្តាលឲ្យរបួសធ្ងន់ធ្ងរ កាលពីវេលាម៉ោង ៩ និង១៥នាទី ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ នៅភូមិកណ្តាល ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។ នេះបើយោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ ។
សមត្ថកិច្ចបានឲ្យដឹងថា បណ្តឹងតាមទូរសព្ទនោះ បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ឡេ ឯល ភេទប្រុស អាយុ២៩ឆ្នាំ ត្រូវជាប្អូនបង្កើត បានប្រើអំពើរហិង្សាក្នុងគ្រួសារ ដោយយកពូថៅមកកាប់លើឈ្មោះ លី ម៉ារី ភេទស្រី អាយុ៥៣ឆ្នាំ (ត្រូវជាម្តាយបង្កើត)បណ្តាលអោយរងរបួសចំក្បាលដេរចំនួន០៤ថ្នេរ រួចបានគេចខ្លួន ពីមូលដ្ឋានទៅស្នាក់នៅបណ្តោះអាសន្ន ក្នុងទឹកដីឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
បន្ទាប់ពីទទួលបានបណ្តឹងរាយការណ៍របស់កូនស្រីជនរងគ្រោះខាងលើ សមត្ថកិច្ចបានរាយការណ៍ស្នើសុំគោលការណ៍ពី ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញានិងអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ បានអនុញ្ញាតឲ្យកម្លាំងនគរបាលជំនាញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីចាប់ឃាត់ខ្លួន ជនសង្ស័យមកសាកសួរនិងទទួលខុសត្រូវ ដោយបានទទួលបទបញ្ជាពីព្រះរាជអាជ្ញា កម្លាំងនគរបាលជំនាញ បានសហការគ្នាចុះចាប់ ឃាត់ខ្លួនជនសង្ស័យបាន កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង៣និង១០នាទីរសៀល នៅភូមិទួលលៀប ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្តៀង ដើម្បី ឃាត់ខ្លួនរយៈពេល៤៨ម៉ោង រង់ចាំការបំពេញបែបបទទៅតាមនីតិវិធី ៕