សមត្ថកិច្ច ឆ្មក់បង្ក្រាបទីតាំងល្បែងជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សចំនួន៣នាក់ មាន់ជល់២ក្បាល និងសម្ភារៈមួយចំនួន
រាជធានីភ្នំពេញ ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានធ្វើការឆ្មក់បង្រាបក្រុមអ្នកញៀនល្បែង ប្រមូលផ្ដុំគ្នាបញ្ជល់មាន់ យ៉ាងគ្រឹកគគ្រេង កំពុងតែសប្បាយៗ រត់បាតជើងសព្រាត
កាលវេលាម៉ោង២រសៀល ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ នៅត្រង់ចំណុចដីឡូតិ៍ទំនេរមួយកន្លែង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការបង្រ្កាបនេះដែរ កម្លាំងការិយាល័យព្រហ្មទណ្ឌឃាត់ខ្លួន អ្នកលេងល្បែងបញ្ចល់មាន់បាន៣នាក់ ដកហូតមាន់២ក្បាល ជញ្ជីងសម្រាប់ថ្លឹង១ និងសម្ភារៈមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ខាងលើ រួមវត្ថុតាងត្រូវបានបញ្ជូនខ្លួនទៅការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ដើម្បីធ្វើការសាកសួរកសាងសំណុំរឿងដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់ ៕ មេសា