ខេត្តកណ្តាល ៖ ដោយអនុវត្តតាមបញ្ជាដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក ឡាក់ ម៉េងធី នាយការិយាល័យ បានបើកកិច្ចប្រតិបត្ដិការ ស្រាវជ្រាវ ស៊ើបអង្កេតសហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុកមុខកំពូល និងអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ស្រាវជ្រាវបង្រ្កាបដល់ឬសគល់ និងឃាត់ខ្លួនជនសង្ស័យ០៣នាក់បន្តបន្ទាប់ ពាក់ព័ន្ធករណី គាស់ហាង យីហោសន្យា ដែលល្បីមួយកន្លែង នៅក្រុងតាខ្មៅ កាលពីវេលាម៉ោង១២ និង៤៥នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២ ខែតុលា ឆ្នាំ២០២១ ក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ ឃិន សុផល ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ លក់ដូរ ទីលំនៅភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យ២នាក់ ដែលឃាត់ខ្លួនបាន រួមមាន ៖
១.ឈ្មោះ គង់ ដាវី ហៅ មាស សុវណ្ណារិទ្ធ ហៅ ផល ភេទប្រុស អាយុ៤២ឆ្នាំ ទីលំនៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
២.ឈ្មោះ ចាន់ សុធី ហៅ វ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងបន្តចាប់បានម្នាក់ទៀត ។
ក្នុងនោះសម្ភារៈបាត់បង់រួមមាន៖ ម៉ាស៊ីនឌីជេ ចំនួន០១គ្រឿង, ធុងបាសធំ(សាហ្វ)០១គ្រឿង,បាស់សូឡូ ០១គ្រឿង, ម៉ិចស៊រសំលេង ០១គ្រឿង សរុបទឹកប្រាក់ប្រហែល ១០,០០០ដុល្លារ និងដកហូតបានមកវិញរួមមាន ៖ រថយន្តម៉ាក KIA CARNIVAL ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ មិនមានស្លាកលេខ , ធុងបាស០១គ្រាប់, ម៉ាស៊ីនចាក់ឌីជេ ០១គ្រាប់, កន្ត្រៃកាត់ដែក ពណ៌បៃតង ប្រវែង០១ម៉ែត្រ, មេសោរសូឡេច ០១ និងស្ព្រាយបាញ់ទ្វារ ០១កំប៉ុង ។
សូមបញ្ជាក់ថា កាលពីថ្ងៃ០២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ០០:៤៥នាទី មានជនសង្ស័យចំនួន០២នាក់ បានជិះរថយន្តមួយគ្រឿង ពណ៌ខ្មៅ មិនស្គាល់ម៉ាក មកឈប់នៅចំណុចមុខហាង សន្យា ស្ថិតនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ហើយនាំគ្នាដើរសំដៅទៅក្លោងទ្វារហាង រួចយកកន្ត្រៃកាត់មេសោរទ្វារ និងមានស្ព្រាយបាញ់កង់ទ្វារ អោយងាយស្រួលរុញទ្វារបើកកុំអោយលឺសម្លេងខ្លាំង បន្ទាប់មកជនសង្ស័យក៏បាននាំគ្នាចូលទៅក្នុងហាង និងបានធ្វើសកម្មភាពលួច ឧបករណ៍ភ្លេង លើកយកទៅដាក់ក្នុងរថយន្ត ប្រើរយៈពេលប្រហែលកន្លះម៉ោង ក្រោយពីធ្វើ សកម្មភាពរួច ជនសង្ស័យក៏បាននាំគ្នាបើកឡានគេចខ្លួន បាត់តែម្តង។
ក្នុងនោះ បើតាមចម្លើយសារភាពរបស់ជនសង្ស័យទាំង២នាក់ បានឲ្យដឹងថា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ បុរសម្នាក់ឈ្មោះ ទឹង (កម្មករក្នុងហាង) ភេទប្រុស អាយុប្រហែល ៣៧ឆ្នាំ មិនស្គាល់ទីលំនៅ បានទំនាក់ទំនងគ្នា តាមប្រព័ន្ធTelegram ដោយថតរូបឧបករណ៍ភ្លេង ផ្សេងៗ នៅក្នុងហាងសន្យា ផ្ញើមកឲ្យឈ្មោះ គង់ ដាវី ដើម្បីឲ្យមកធ្វើសកម្មភាពលួច។ លុះនៅថ្ងៃទី០១ ខែតុលា២០២១ ឈ្មោះ គង់ ដាវី ហៅផល បានរៀបចំផែនការ លួចសម្ភារៈក្នុងហាងនោះ ដោយឈ្មោះ ទឹង បានជិះម៉ូតូម៉ាក Suzuki Viva ទៅចាំនៅផ្ទះជួល របស់ គង់ ដាវី នៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ហើយឈ្មោះ គង់ ដាវី បានជិះរថយន្តម៉ាក KIA ពណ៌ខ្មៅ គ្មានផ្លាកលេខ ចេញពីម្ដុំស្ថានីយ៍ទូរទស្សន៍បាយ័ន និងបានតេទូរស័ព្ទប្រាប់ឈ្មោះ ចាន់ សុធី ឲ្យមកឈរចាំនៅលើផ្លូវជាតិលេខ១ ជិតស្ពានច្បារអំពៅ ឲ្យយកកន្ដ្រៃទៅជាមួយផង បន្ទាប់មក ក៏ចេញទៅយកឈ្មោះ ទឹង នៅផ្ទះជួលភូមិត្នោតជ្រុំ។ រហូតដល់វេលាម៉ោង១២យប់ ឈានចូលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ ឈ្មោះ ទឹង បានប្រាប់ផ្លូវ ធ្វើដំណើរ មកហាងមួយកន្លែង យីហោសន្យា ស្ថិតនៅភូមិសាស្ត្រ ក្រុងតាខ្មៅ ដល់វេលាម៉ោង០០:៤៥នាទី បានធ្វើសកម្មភាពលួចតែម្តង ដោយឈ្មោះ គង់ ដាវី ហៅរិទ្ធ ហៅផល និង ឈ្មោះ ចាន់ សុធី បានយកកន្ត្រៃដែកដងពណ៌ខៀវ ប្រវែង១ម៉ែត្រ កាត់សោរបើកទ្វារចូលទៅលួចឧបករណ៍ភ្លេង។ ចំណែកឈ្មោះ ទឹង អង្គុយចាំក្នុងឡាន ជាអ្នកមើលផ្លូវ ។ ក្រោយពីលួចបាន ភ្លាមឈ្មោះ ទឹង បានដើរទៅផ្ទះ ចំណែកឈ្មោះ គង់ ដាវី និង ឈ្មោះ ចាន់ សុធី បានដឹកឧបករណ៍ភ្លេងទាំងនោះ ទៅទុកនៅផ្ទះជួលរបស់ឈ្មោះ គង់ ដាវី ។
លុះនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១១ និង៤០នាទី ឈ្មោះ ចាន់ សុធី បានយកម៉ាស៊ីនចាក់ឌីជេ ១គ្រឿង ជិះPassApp យកទៅលក់នៅចំណុច ចុងស្ពានដែកចំការដូង លក់ក្នុងតម្លៃ ៣៥០$ (បីរយហាសិបដុល្លារ) រហូតដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ទើបកម្លាំងជំនាញស្រាវជ្រាវ ឃាត់ខ្លួន ឈ្មោះ គង់ ដាវី ហៅ មាស សុវណ្ណារិទ្ធ ហៅ ផល និង ឈ្មោះ ចាន់ សុធី រួមជាមួយនិងវត្ថុតាង តែម្តង។
ពេលនេះ ជនសង្ស័យខាងលើ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕