រាជធានីភ្នំពេញ ៖ កម្លាំងចម្រុះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះធ្វើការបង្ក្រាបទីតាំង ភោជនីយដ្ឋាន DM ដែលមានទីតាំងនៅតាមបណ្តោយផ្លូវ ២១៥ កែងផ្លូវ១១៨ ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីវេលាយប់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ក្រោយរកឃើញថា ទីតាំងនេះ បានលួចបើកផឹកស៊ី ច្រៀងខារ៉ាអូខេ ល្មើសនឹងវិធានរដ្ឋបាល និងវិធានសុខាភិបាល ។
អាជ្ញាធរបានឲ្យដឹងថា ការបង្ក្រាបនេះ គឺធ្វើឡើង ក្រោយទទួលបានព័ត៌មានថា ទីតាំងភោជនីយដ្ឋាន DM នេះ បានលួចលាក់ បើកឲ្យភ្ញៀវចូលពពាក់ពពូនគ្នា ច្រៀងខារ៉ាអូខេ ផឹកស៊ី ល្មើសនឹងបំរាមរបស់រដ្ឋបាលរាជធានីភ្នំពេញ ទើបកម្លាំងចម្រុះ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ រួមនិងកម្លាំងចម្រុះខណ្ឌទួលគោក ដឹកនាំដោយលោក ជា ពិសី អភិបាលខណ្ឌទួលគោក ចុះធ្វើការបង្ក្រាបជាក់ស្តែងតែម្តង ដោយឃាត់ខ្លួនមនុស្សប្រុសស្រី សរុប៦៧នាក់ ហើយម្ចាស់ទីតាំងក៏ត្រូវបានឃាត់ខ្លួនបញ្ជូនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការតាមច្បាប់ផងដែរ ៕