រាជធានីភ្នំពេញ ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានទទួលព័ត៌មាន ថាមានករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន (តាមបញ្ញើអីវ៉ាន់)។
ជាក់ស្តែង បន្ទាប់ពីទទួលបានព័ត៌មាននេះ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ កម្លាំងការិយាល័យប្រឆាំងគ្រឿញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ទោ រ៉ឹម ម៉ិច នាយការិយាល័យ បានសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ ដោយមានការចូលរួមពី លោកនាយរងការិយាល័យ, លោកនាយផ្នែក និងកម្លាំងអាជ្ញាធរមូលដ្ឋាន ចុះទៅត្រួតពិនិត្យដល់ក្រុមហ៊ុនដឹកអ្នកដំណើរឈ្មោះ GTF នៅចំណុចផ្លូវលេខ១៤២ កែងផ្លូវលេខ៨១ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ នេះបើយោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ ។
ជាលទ្ធផល ក្នុងការត្រួតពិនិត្យនេះ កម្លាំងបានត្រួតពិនិត្យឆែកឆេររកឃើញវត្ថុតាងរួមមាន៖ ក្រាមពណ៌ផ្កាឈូកសង្ស័យជាសារធាតុញៀន ចំនួន ០២កញ្ចប់, , សម្បកថង់សម្រាប់ច្រកគ្រឿងញៀន មួយចំនួន និងកាបូបស្ពាយ ពណ៌ទឹកប៊ិក សម្រាប់ទុកគ្រឿងញៀន ចំនួនមួយ ។ លុះនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រគល់វត្ថុតាងខាងលើទៅឲ្យកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីចាត់ការបន្តតាមនីតិធីច្បាប់៕