ខេត្តកោះកុង ៖ ជនសង្ស័យចំនួន៦នាក់ ត្រូវបានកម្លាំងនគរបាលនៃសស្នងការដ្ឋាននគរបាលខេត្តកោះកុង ដឹកនាំដោយលោក ឧត្តមសេនីយ៍ គង់ មនោ ស្នងការនគរបាលខេត្តផ្ទាល់ សហការជាមួយកម្លាំងអធិការនគរបាលស្រុកស្រែអំបិល ចុះធ្វើការបង្ក្រាបបានជាបន្តបន្ទាប់ ដោយរកឃើញគ្រឿងញៀនជាង៣០០គីឡូឯណោះ ដែលអាចនិយាយបានថា គឺជាការបង្ក្រាបទ្រង់ទ្រាយធំ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ នៅចំណុចតាមច្រកចម្ការក្រោម ឃុំស្រែអំបិល និង ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង
សមត្ថកិច្ចបានឲ្យដឹងថា ការបង្ក្រាបនេះ គឺធ្វើឡើង នៅលើទូកខ្នាតធំ របស់ជនជាតិថៃ ដែលបានចតក្នុងផែ ជលផល ចំណុចមាត់ពាមស្រែអំបិល ស្ថិតក្នុងភូមិកំពង់ស្ដាំ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ដោយរកឃើញគ្រឿងញៀនចំនួន០៩កញ្ចប់ធំ ស្មើ៣០០គីឡូក្រាម ហើយក្រោយការសាកសួរ សមត្ថកិច្ចក៏បន្តចុះ ត្រួតពិនិត្យលើទូកមួយគ្រឿងទៀត ដែលជនសង្ស័យ បានដឹកជញ្ជូនយកមកពីទូកនោះ តាមរយៈអូប័រតូចចល័ត ទៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង តែម្តង ដោយដំបូងឃាត់ខ្លួនបានជនសង្ស័យ៤នាក់ទើបបន្តចាប់បាន ២នាក់ទៀត ហើយសមត្ថកិច្ចក៏បានបន្តជំនាញ ដើម្បីវះឃ្លុបទូករកមើលបន្ថែមទៀតផងដែរ ក្រែងលោបានវត្ថុតាងបន្ថែមទៀត ៕