សមត្ថកិច្ចស្រុកកោះធំ ចុះបង្ក្រាបទីតាំងលេងល្បែងស៊ីសងខុសច្បាប់(ជល់មាន់តាមទូរទស្សន៍អនឡាញ) ឃាត់ខ្លួនមនុស្ស១៦នាក់ ដកហូតម៉ូតូ ១៥គ្រឿង និងវត្ថុតាងមួយចំនួនទៀត
សន្តិសុខសង្គម
89

ខេត្តកណ្តាល ៖ ក្រោយមានការលើកឡើងរបស់ប្រជាពលរដ្ឋ នៅលើបណ្តាញសង្គម ថា ទីតាំងល្បែងស៊ីសងដុះស្លែ ជាច្រើនកន្លែង នៅតែបន្តបើកដំណើរការបានដោយគឃ្លើន ខណៈសមត្ថកិច្ចក្នុងមូលដ្ឋានគ្មានចំណាត់ការដែលទីតាំងល្បែងស៊ីសងខុសច្បាប់ ជាច្រើនកន្លែង «មាន់ជល់ ហាយឡាយ» ស្ថិតនៅក្នុងមូលដ្ឋានឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្ដាល ចំណុចស្ពានលេខ៥៥-ស្ពានលេខ៦០-ចំណុចស្ពានលេខ៦៣ និង នៅតាមទីតាំងហាងកាហ្វេផ្សេងៗទៀត នៅតែបន្តបើកដំណើរការបានដោយគឃ្លើន ខណៈសមត្ថកិច្ចក្នុងមូលដ្ឋាន គ្មានចំណាត់ការបង្ក្រាប ដែលបានធ្វើឲ្យប្រជាពលរដ្ឋមូលដ្ឋានសម្ដែងការព្រួយបារម្ភ។ ក្រោយពីទទួលបានព័ត៌មានខាងលើរួច និងមានការចង្អុលបង្ហាញពីក្រុម ការងារប្រតិកម្មរហ័សខេត្ត ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឲ្យលោកវរសេនីយ៍ឯក ស៊ីម ឃាង អធិការនគរបាលស្រុក កោះ ធំ ស្រាវជ្រាវបង្រ្កាបទីតាំងខាងលើ។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ។

ក្នុងនោះ តាមការចុះទៅពិនិត្យជាក់ស្តែង នៅរសៀល ថ្ងៃ ទី២៤ ខែ តុលា ឆ្នាំ ២០២១ លោកអធិការនគរបាលស្រុកកោះធំ បានបញ្ជាដឹកនាំកម្លាំងនគរបាលស្រុកដោយផ្ទាល់ ចុះធ្វើការស្របជ្រាវបង្ក្រាបទីតាំងលេងល្បែងស៊ីសងខុសច្បាប់(ជល់មាន់តាមទូរទស្សន៍អនឡាញ) បានឃាត់ខ្លួនជនសង្ស័យចំនួន១៦នាក់ (ស្រី០១នាក់) និងចាប់យកវត្ថុតាងពាក់ព័ន្ធបទល្មើសមួយចំនួន ដូចជា ម៉ូតូចំនួន ១៥គ្រឿង, ប្រាក់ រៀលចំនួន ៥០ម៉ឺន រៀល , ទូរទស្សន៍ ០១គ្រឿង , កុំព្យូទ័រ ០១គ្រឿង និងដុំSystemកុំព្យូទ័រ០១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យរួមជាមួយវត្ថុតាងពាក់ព័ន្ធ ត្រូវបាន កម្លាំងផ្នែកជំនាញបានកសាងសុំណុំរឿងបញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកនណ្តាល បន្ត ចាត់ ការ តាមនីតិវិធីច្បាប់ ៕


Telegram