នគរបាល ស្រុកខ្សាច់កណ្ដាល ឆ្មក់ចូលត្រួតពិនិត្យអាហារដ្ឋានយីហោ «វិមានសួគ៌»ដែលមានបន្ទប់ខារ៉ាអូខេ នាំខ្លួនបុគ្គលិក អ្នកគិតលុយ និងមេការ រួមទាំងម្ចាស់ទីតាំងទៅធ្វើការសាកសួរ អប់រំ តាមច្បាប់
សន្តិសុខសង្គម
121

ខេត្តកណ្តាល ៖ ក្រោយមានការចុះផ្សាយរបស់សារព័ត៌មានមួយ ដែលមានខ្លឹមសារថា ពិតជាខ្លាំងមែនKTV«វិមានសួគ៌» នៅស្រុកខ្សាច់កណ្តាល អាចបើកដំណើរការឱ្យភ្ញៀវចូលច្រៀង រាំឱបថើបនារីៗ យ៉ាងពពាក់ពពូន លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត បានបញ្ជាឲ្យលោកអធិការនគរបាលស្រុកខ្សាច់កណ្តាល ដឹកនាំកម្លាំងស្រាវជ្រាវទីតាំងខាងលើ។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ។

ជាក់ស្តែង នាវេលាម៉ោង ៣រសៀល ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល បានឆ្មក់ចូលត្រួតពិនិត្យអាហារដ្ឋានយីហោ «វិមានសួគ៌» ដែលក្នុងអាហារដ្ឋានមានបន្ទប់ខារ៉ាអូខេ ស្ថិតនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ហើយក្នុងប្រតិបត្តិការនេះដែរ សមត្ថកិច្ចពិនិត្យទីតាំងខាងលើពុំប្រទះឃើញមានបើកបន្ទប់ខារ៉ាអូខេឱ្យភ្ញៀវចូលជួបជុំផឹកស៊ីច្រៀងរាំនោះទេ។

ប៉ុន្តែទោះបីជាយ៉ាងណា កម្លាំងសមត្ថកិច្ចបាននាំបុគ្គលិកជានារី ចំនួន០៤នាក់ និងអ្នកគិតលុយ០១នាក់ ក្នុងទីតាំងខាងលើនេះមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល ដើម្បីធ្វើការណែនាំ និងធ្វើកិច្ចសន្យា មិនឱ្យមានការបើកទទួលភ្ញៀវផឹកស៊ី បើកខារ៉ាអូខេ ច្រៀងរាំ និងត្រូវចូលរួមអនុវត្តតាមវិធានការសុខាភិបាល ៣កុំ ៣ការពារ ឱ្យបានខ្ជាប់ខ្ជួនដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនូវជំងឺកូវីដ-១៩ ហើយចំពោះម្ចាស់ទីតាំង និងមេការ សមត្ថកិច្ចជំនាញពាក់ព័ន្ធ បន្តស្រាវជ្រាវដើម្បីនាំមកសួរនាំអនុវត្តតាមនីតិវិធីច្បាប់បន្តទៀត៕


Telegram