រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន ៣នាក់ ត្រូវបានសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ធ្វើការចាប់ខ្លួន ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន និងរឹបអូសគ្រឿងញៀនជាង ២៥ គីឡូក្រាម នៅខេត្តបន្ទាយមានជ័យ និងសៀមរាប ។ នេះបើយោងតាមផេក Anti-Drug Department ។
ការបង្ក្រាបនេះ គឺអនុវត្តតាមបញ្ជាឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន
អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។
ជាក់ស្តែង នៅថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១១និង៣០នាទី សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក១) ចូលរួមសហការពីកម្លាំងជំនាញនៃនាយកដ្ឋានស៊ើបការណ៍ខាងក្រៅ និងបច្ចេកទេស កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប សម្របសម្រួលដោយ ឯកឧត្តម កើត សុវណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ និងលោក ថេង សំណាង ព្រះរាជអជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តខេត្តសៀមរាប ចុះស្រាវជ្រាវ និងឈានទៅបង្ក្រាបក្រុមឧក្រិដ្ឋជនជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅ ៣ចំណុចផ្សេងគ្នាជាបន្តបន្ទាប់ ។
ក្នុងនោះរួមមាន ៖
ទី១.នៅចំណុចក្រោមដើមស្វាយ ប្រហែល១០ម៉ែត្រពីផ្លូវជាតិលេខ៥៩(ចន្លោះគីឡូម៉ែតលេខ៩និង១០) ស្ថិតក្នុងភូមិរស្មីសាមគ្គី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ទី២.នៅចំណុចផ្ទះគ្មានលេខ បូរីអចលនទ្រព្យអង្គរ ភូមិគោកធ្នោត ឃុំកណ្តែក ស្រុកប្រសាទបាគង់ ខេត្តសៀមរាប។
ទី. នៅចំណុចឆែកលំនៅដ្ឋានរបស់ឈ្មោះ លាង ម៉ាប់ ហៅទូច មួយកន្លែងស្ថិតនៅក្នុងភូមិបាលិលេយ្យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជុំវិញប្រតិបត្តិការនេះ សមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យ៣នាក់ ៖
១ -ឈ្មោះ SUCHAT WANSUWONG ភេទប្រុស ជនជាតិថៃ (គ្មានលិខិតឆ្លងដែន)
២-ឈ្មោះ លាង ម៉ាប់ ហៅទូច ភេទ ប្រុស អាយុ ៤៥ឆ្នាំ ជនជាតិ ខ្មែរ
៣-ឈ្មោះ ឡុង សុឡេង ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ (ប្រពន្ធ លាង ម៉ាប់) ។
ក្នុងនោះដកហូត សារធាតុញៀនសរុប ២៥គ.ក្រ ១០២,៤៣ក្រាម រួមមាន ៖ មេតំហ្វេតាមីន(ICE) ២៥កញ្ចប់ធំ ២កញ្ចប់តូច ស្មើទម្ងន់ ២៥ គ.ក្រ ០៣១.៧៨ក្រាម , មេតំហ្វតាមីន(WY) ចំនួន ៧៨៥គ្រាប់ ស្មើទម្ងន់ ៧០.៦៥ក្រាម , ជញ្ជីងថ្លឹង១គ្រឿង និងដកហូតបាន រថយន្ត ១គ្រឿង ម៉ាក LANDCRUISER 570 ពាក់ស្លាក់លេខ ភ្នំពេញ 2AX-7997 , ទូរស័ព្ទដៃ ចំនួន ៦គ្រឿង, លុយខ្មែរ ៧,៩៥៥,០០០រៀល , លុយថៃ ៤៦,៣៥០បាត , លុយអាមេរិក ២៥,៨៨៥ដុល្លារ, គ្រឿងអលង្ការ(កងដៃ១,ស្នៀតសក់១,បន្តោងខ្សែករ២,ខ្សែករ ៣ខ្សែរ) និងបង្កកផ្ទះ ២កន្លែង ។
បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងចាប់យកខាងលើ បានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕