ខេត្តព្រះសីហនុ ៖ បុរសជនបរទេសម្នាក់ បើករថយន្ដខ្វះការប្រុងប្រយ័ត្ន រេចង្កូតជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យរងការខូចខាត ជាច្រើនផ្ទាំង សំណាងគ្មានមនុស្សរងរបួស បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ៣និង៤៨នាទី ឈានចូលថ្ងៃទី២៨ តុលា ២០២១ នៅតាមបណ្ដោយផ្លូវ មិត្តភាពស្ពានអូរបី ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា ដំបូងឡើយគេបានឃើញរថយន្ដមួយគ្រឿងម៉ាក TUNDRA ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ព្រះសីហនុ 2A-8093 បើកបរដោយបុរសជនបរទេសម្នាក់ ក្នុងទិសដៅពីកើតទៅលិច ខណៈពេលមកដល់ចំណុចកន្លែងកើតហេតុ ស្រាប់តែរេចង្កូតជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋ រួមទាំងរបងការដ្ឋាន បណ្ដាលឲ្យរងការខូចខាតរថយន្ដយ៉ាងដំណំ។ ចំណែកអ្នកបើកបរខាងលើ ពុំមានការរងរបួសអ្វីឡើយ។
សូមបញ្ចាក់ផងដែលថា ហេតុការណ៍នេះគឺមិនបណ្ដាលឲ្យមានប្រជាពលរដ្ឋណាម្នាក់រងរបួសនោះទេ ហើយភ្លាមៗសមត្ថកិច្ចជំនាញចរាចរណ៍នៃការិយាល័យចរាចរណ៍ផ្លូវគោក បានចុះមកដល់កន្លែងកើតហេតុ ដើម្បីធ្វើការអន្តរាគមន៍ និងសម្រួលចរាចរណ៍នៅចំណុចផ្លូវកើតហេតុ ព្រមទាំងឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ដោយភាគីម្ចាស់រថយន្ដចេញសងថ្លៃខូចខាតទៅម្ចាស់ផ្ទះចំនួន ២០០០$ ដើម្បីបញ្ចប់រឿង ៕ សំណាង