ខេត្តបាត់ដំបង ៖ មនុស្ស ចំនួន ៥នាក់បានស្លាប់រណូករណែល ខណៈសាកសពត្រូវបានសមត្ថកិច្ច លើកដាក់តម្រៀមគ្នាគ្របក្រណាត់ស យ៉ាងសង្វេគបំផុត និងម្នាក់ទៀត រងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ត បុករថយន្ត កាលពីវេលាម៉ោង៥និង ១៥នាទីព្រឹក ទី២៨ ខែតុលា ឆ្នាំ២០២១ នេះ នៅចំណុចលើផ្លូវជាតិលេខ៥ ស្ថិតនៅចំណុចក្រុមទី០៧ ភូមិមោង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ នេះបើយោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ ដ៍រន្ធត់នេះ បានកើតឡើង រវាងរថយន្ត១ គ្រឿងម៉ាក ហ៊ីណូ ធុនដឹកជញ្ជូនធំ ពាក់ផ្លាកលេខ កំពង់ឆ្នាំង 3A-1566 បើកបរដោយអ្នកមិនស្គាល់ឈ្មោះ ព្រោះបានរត់គេចខ្លួន បានបុកជាមួយនឹង រថយន្ត០១គ្រឿងទៀត ម៉ាកនីសសាន់ ធុនដឹកទំនិញតូច ពាក់ផ្លាកលេខ បាត់ដំបង 2B-2211 បើកបរដោយបុរសម្នាក់ រួមដំណើរចំនួន០៥នាក់ ទៀត សរុប៦នាក់ ដោយបានបុកគ្នាពេញទំហឹង រហូតភាគីរថយន្តធុនទំនិញធុនតូចនោះ ខ្ទេចទាំងស្រុង រួញចូលគ្នាមើលលែងយល់ ស្លាប់មនុស្សរហូតដល់៥នាក់ ក្នុងនោះមានតៃកុងរថយន្តម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកមោងឫស្សី។ រីឯរថយន្តធុនធំនោះវិញ បានក្រឡាប់ផ្ងារជើង អ្នកបើកបររត់គេចខ្លួនបាត់ ។
ក្រោយពីកើតហេតុក ម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និង អធិការដ្ឋាននគរបាលស្រុកមោងប្ញស្សី ចុះពិនិត្យទីកន្លែងកើតហេតុ និងបានលើកសាកសព ជនរងគ្រោះទាំង៥នាក់ ចេញពីក្នុងរថយន្ត ដាក់តម្រៀមគ្នាគ្របក្រណាត់ស យ៉ាងសង្វេគបំផុត រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ខណៈករណីនេះ តាមការពិនិត្យកន្លែងកើតហេតុ រថយន្តម៉ាកហ៊ីណូ បានបើកបរពីទិសខាងកើត ទៅទិសខាងលិច (ភ្នំពេញទៅបាត់ដំបង) ច្រាសទិសនឹងរថយន្តម៉ាកនីសាន់ ពេលមកដល់ចំណុចកើតហេតុ ក៏បានបុកគ្នាតែម្តង ។
បន្ទាប់ពីវាស់វែងរួច សមត្ថកិច្ចបានធ្វើការយករថយន្តស្ទូច ស្ទូចយករថយន្តទាំង២គ្រឿង ទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត។ សូមចូលរួមរំលែកទុក្ខផង ៕