មុខសញ្ញា ក្រុមចោរលួច និងប្លន់ មួយសម្បុកទាំងប្រុសទាំងស្រី ត្រូវប៉ូលិសព័ទ្ធចាប់ខ្លួនបាន០៨នាក់ រកឃើញសម្ភារៈធ្វើសកម្មភាពមួយចំនួនធំ
សន្តិសុខសង្គម
183

រាជធានីភ្នំពេញ ៖ ជនសង្ស័យប្រុសស្រីចំនួន០៨នាក់ ដែលជាមុខសញ្ញាពាក់ព័ន្ធករណីលួច និងកាប់ប្លន់ យ៉ាងសកម្ម ត្រូវបាន កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការចុះបង្រ្កាបដោយឃាត់ខ្លួនបាន ដកហូតវត្ថុតាងសម្ភារៈសម្រាប់ធ្វើសកម្មភាពមួយចំនួនធំ កាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅចំណុចផ្ទះសំណាក់ មួយកន្លែង ស្ថិតនៅផ្ទះលេខ៩៨ ផ្លូវលេខ៨១ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា មុនឈានដល់ការចុះបង្ក្រាបទីតាំងខាងលើនេះ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវជាយូរមកហើយ រហូតអាចកំណត់មុខសញ្ញាបាន លុះនៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានចុះ សហការជាមួយកម្លាំងព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះឡោមព័ទ្ធទីតាំងផ្ទះសំណាក់ ខាងលើ ឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន០៨នាក់ ក្នុងនោះស្រី០២នាក់ ដកហូតវត្ថុតាងធ្វើសកម្មភាព រួមមានទាំងកាំបិត ដាវ និងឧបករណ៍កាច.ក ម៉ូតូ មួយចំនួនធំតែម្តង តែករណីទាំងនោះ មិនមែនកើតឡើងក្នុងភូមិសាស្ត្រខណ្ឌដូនពេញនោះទេ តែសមត្ថកិច្ចខាងក្រសួងមហាផ្ទៃ បានចុះមកបង្ក្រាបជាក់ស្តែងដល់សម្បុករបស់ជនសង្ស័យទាំងនេះ ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ។

ក្នុងនោះបើតាមការបង្ហើបឲ្យដឹងពីសមត្ថកិច្ច ដែលចូលរួមក្នុងប្រតិបត្តិការខាងលើ ក្រុមជនសង្ស័យទាំងនេះ ជាមុខសញ្ញាយ៉ាងសកម្ម ត្រូវកាប់ប្លន់ គឺកាប់ប្លន់ ត្រូវលួច ក៏លួច មិនថាខ្សែភ្លើងឬក៏កង់ ឬម៉ូតូនោះទេ ពោលគឺប៉ះអីលួចនឹង តែម្តង។

ក្រោយបញ្ចប់ប្រតិបត្តិការ ជនសង្ស័យទាំង៦នាក់ ត្រូវបាននគរបាលជំនាញ នាំខ្លួនទៅកាន់ការិយាល័យជំនាញ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការ ចាត់ការតាមច្បាប់បន្តទៀត ៕ នង មឿន


Telegram