ខេត្តបន្ទាយមានជ័យ ៖ អគ្គិភ័យមួយបានឆាបឆេះ ផ្ទះប្រជាពលរដ្ឋដែលនៅជាប់ៗគ្នា យ៉ាងសន្ធោសន្ធៅ ដែលផ្តើមចេញពីការប្រហែស ភ្លេចបិទភ្លើងចង្ក្រានហ្គាស់ ឆេះវាំងនន ក្លាយជាអគ្គិភ័យឆេះផ្ទះខ្ទេច បន្តរាលដាលដល់ផ្ទះអ្នកជិតខាង និងបន្ទប់ជួលផ្សេងទៀត ខ្ទេចគ្មានសល់ កាលពីវេលាម៉ោង ១០ និង១៥នាទី ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ នៅចំណុចក្រោយបណ្ណាគា ហេង ចិន្តា ដែលស្ថិតក្នុងភូមិ ក្បាលស្ពាន១ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ នេះបើយោងតាមផេក នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។
សមត្ថកិច្ចបានឲ្យដឹងថា អគ្គិភ័យបានឆេះផ្ទះជនរងគ្រោះរួមមាន៖
១. ឈ្មោះ អ៊ុយ វ៉ត ភេទ ប្រុស អាយុ ៤៥ ឆ្នាំ (ផ្ទះដើមហេតុ)
២. ឈ្មោះ ទិត ខុន ភេទ ប្រុស អាយុ ៤៤ ឆ្នាំ (ម្ចាស់ផ្ទះរងគ្រោះ)
៣. ឈ្មោះ សុខ ចំរើន ភេទ ប្រុស អាយុ ៦១ ឆ្នាំ (អ្នកជួលផ្ទះ ទិត ខុន ស្នាក់នៅ)
៤. ឈ្មោះ ទន់ កុង ភេទ ប្រុស អាយុ ៥២ ឆ្នាំ (ម្ចាស់ផ្ទះរងគ្រោះ) រស់នៅចំណុចកើតហេតុខាងលើ ។
ក្នុងនោះ បើតាមការសន្និដ្ឋាន បណ្ដាលមកពីភ្លើងចង្ក្រានហ្គាស ដែលមិនបានបិទ ឆាបឆេះវាំងនន ដែលបណ្តាលអោយមានអគ្គីភ័យកើតឡើង ឆេះបំផ្លាញផ្ទះជនរងគ្រោះទី១ ឈ្មោះ អ៊ុយ វ៉ាត ភេទ ប្រុស អាយុ ៤៥ ឆ្នាំ (ផ្ទះដើមហេតុ) ផ្ទះទំហំ ៦x២០ ម៉ែត្រ គ្រែ ០៥ គ្រឿង កង្ហា ០៤ គ្រឿង ចាន ឆ្នាំង មុង ភូយ ខោ អាវ ទាំងស្រុង បន្តរាលដាលដល់ផ្ទះរបស់ឈ្មោះ ទិត ខុន អាយុ ៤៤ ឆ្នាំ ដោយបានឆេះផ្ទះទំហំ ៧.៤០x១២ ម៉ែត្រ , បាស់២គ្រាប់ អាំភ្លី១ឈុត ,ទូរទឹកកក ០១ គ្រឿង,ទូរទស្ស ០១ គ្រឿង ចាន ឆ្នាំង ខោ អាវទាំងស្រុង រួចបន្តឆេះបន្ទប់ផ្ទះជួល១ទៀតរបស់ឈ្មោះ សុខ ចំរើន ភេទ ប្រុស អាយុ ៦១ ឆ្នាំ (អ្នកជួលផ្ទះ ទិត ខុនស្នាក់នៅ) បំផ្លាញ ទូរទឹកកក ០១ គ្រឿង ,អាយកូម ០២ គ្រឿង ,ទូរសំអាង ០១ គ្រឿង ,កង់ឡាន ០២ គ្រាប់ ,កាងឡាន ០១ គ្រឿង ,ប្រាក់ដុល្លា ២.៨០០ ដុល្លា រ ,ប្រាក់ខ្មែរ ១.០០០.០០០ រៀល,កាតគ្រីឡាន ០១ សន្លឹក ,ប័ណ្ណបើកបរ ០១ សន្លឹក ,សៀវភៅគ្រួសារ សំបុត្រកំណើត ,ខោ អាវ ចាន ឆ្នាំង មុង តួយ ទាំងស្រុង មិនទាន់ចប់នោះទេ អំណាចអគ្គិភ័យនេះ បានបន្តឆេះផ្ទះរបស់ ឈ្មោះ ទន់ កុង ភេទ ប្រុស អាយុ ៥២ ឆ្នាំ បណ្តាលឲ្យឆេះ កាមេរ៉ាសុវត្ថិភាព ០៥ គ្រាប់ និងឡានម៉ូតូនឹងរោលផ្នែកខាងមុខ ។
ជុំវិញការឆាបឆេះនេះដែរ ភ្លាមៗ ក៏មានការជួយអន្តរាគមន៍ពីកងកម្លាង ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ រថយន្ត រួមមានៈ
- រថយន្តពន្លត់អគ្គីភ័យអធិការក្រុងប៉ោយប៉ែតចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ រថយន្ត
- រថយន្តពន្លត់អគ្គីភ័យកាស៊ីណូត្រពីការចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ រថយន្ត ទើបអាចគ្រប់គ្រង ស្ថានការណ៍ បានទាំងស្រុងនៅម៉ោង ១១និង៣០ នាទីយប់ ថ្ងៃដដែល ៕