រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១នេះ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ បានធ្វើការបញ្ជូនខ្លួន ជនសង្ស័យចំនួន៦នាក់ រួមមានមួយសម្បុកតែម្តង ដែលជាមានរហ័សនាម ក្រុមT4 ទ្រា៤ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ សហការជាមួយនគរបាលប៉ុស្តិ៍ដង្កោ ចាប់ឃាត់ខ្លួនបាន ដែលជាមុខសញ្ញាកាប់ប្លន់យកស្លាកលេខ ម៉ូតូយ៉ាងសកម្ម ទៅតុលាការដើម្បីអនុវត្តទោសតាមច្បាប់ ។
សូមបញ្ជាក់ថា មុននឹងឈានដល់ការចាប់ឃាត់ខ្លួនបានជនសង្ស័យខាងលើ កាលពីវេលាម៉ោង៥និង០០នាទី ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ជនរងគ្រោះទី១ឈ្មោះ សាត សំណេត ភេទប្រុស អាយុ១៦ឆ្នាំ ទី២ឈ្មោះ យ៉ាន យ៉ាន់ ភេទប្រុស អាយុ១៧ឆ្នាំ បានជិះម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៦ ពាក់ផ្លាកលេខ ភ្នំពេញ 1BK-8868 បានឌុបគ្នាទៅលេងបាល់ទះ នៅតារាងបាល់ហ្គាឡាក់ស៊ី ផ្លូវបេតុង ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពេលជនរងគ្រោះឌុបគ្នាទៅដល់ខាងមុខតារាងបាល់ទាត់ហ្គាឡាក់ស៊ី ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា០៨នាក់ ទី០១ឈ្មោះ វ៉ាន់ លីវ៉ាយ ភេទប្រុស អាយុ១៨ឆ្នាំ ,ទី០២ឈ្មោះ គង់ កុសល់ ភេទប្រុស អាយុ១៨ឆ្នាំ ,ទី០៣ឈ្មោះ ឈៀង សីហា ភេទប្រុស អាយុ១៨ឆ្នាំ និងបក្ខពួកចំនួន០៥នាក់ទៀត មិនស្គាល់ឈ្មោះ ជិះម៉ូតូ ចំនួន០៤គ្រឿង បានមកដល់ដែរ រួចជនសង្ស័យឈ្មោះ ឈៀង សីហា បានចុះពីលើម៉ូតូកាន់កាំបិតប៉័ងតោរត់សំដៅចូលទៅកាប់ជនរងគ្រោះឈ្មោះ យ៉ាន យ៉ាន់ រងរបួសត្រង់ចង្កេះផ្នែកខាងក្រោយ ចំហៀងខាងស្តាំ (របួសធ្ងន់) និងកាប់ត្រូវជនរងគ្រោះឈ្មោះ សាត សំណេត រងរបួសស្មាខាងស្តាំមួយកាំបិត (របួសស្រាល) ហើយជនសង្ស័យ និងបក្ខពួក ថែមទាំងបានកាប់យកផ្លាកលេខម៉ូតូភ្នំពេញ 1BK-8868 របស់ជនរងគ្រោះឈ្មោះ សាត សំណេត ជិះគេចខ្លួនបាត់ ។
បន្ទាប់មកសមត្ថកិច្ចយើងបានចុះទៅដល់កន្លែងកើតហេតុ នាំជនរងគ្រោះទាំង០២នាក់ ទៅព្យាបាលនៅគ្លីនិកឯកជនសួគ៌ា រួចឪពុករបស់ជនរងគ្រោះទាំង២នាក់ ក៏បានដាក់ពាក្យបណ្តឹងប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ។
លុះដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង៧យប់ កម្លាំងសម្ថកិច្ចបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន០៦នាក់ ជាបន្តបន្ទាប់ រួមមាន៖
ទី០១ឈ្មោះ បាន ពេជ្រ ហៅ ទូ ភេទប្រុស អាយុ១៨ឆ្នាំ
ទី០២ឈ្មោះ វ៉ាន់ លីវ៉ាយ ភេទប្រុស អាយុ១៨ឆ្នាំ
ទី០៣ឈ្មោះ ភី វិបុល ហៅ បឿន ភេទប្រុស អាយុ១៨ឆ្នាំ
ទី០៤ឈ្មោះ ធូ ចាន់រិទ្ធិសែម ភេទប្រុស អាយុ១៨ឆ្នាំ
ទី០៥ឈ្មោះ គង់ កុសល ភេទប្រុស អាយុ១៨ឆ្នាំ
ទី០៦ឈ្មោះ ឈៀង សីហា ភេទប្រុស អាយុ១៨ឆ្នាំ ។
ក្នុងនោះសមត្ថកិច្ចដកហូតបាន ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌លឿងលាយស ពាក់ផ្លាកលេខភ្នំពេញ 1FI-2877 មានចំនួន០១គ្រឿង ,ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ គ្មានផ្លាកលេខ មានលេខតួ និងលេខម៉ាស៊ីន8652002 ចំនួន០១គ្រឿង និងទូរស័ព្ទដៃចំនួន០៣គ្រឿង ត្រង់ចំណុចសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា កន្លងមកជនសង្ស័យ និងបក្ខពួកខាងលើ បានធ្វើសកម្មភាពកាប់ប្លន់យកផ្លាកលេខម៉ូតូជាច្រើនលើកថែមទៀត ។ ជាក់ស្តែងរួមមាន៖
- លើកទី១ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៣និង០០នាទី បានធ្វើសកម្មភាពកាប់ប្លន់យកផ្លាកលេខម៉ូតូ ភ្នំពេញ1CB-5670 ចំនួន០១ ជារបស់ជនរងគ្រោះឈ្មោះ ធីវ ចាន់រតនៈ ភេទប្រុស អាយុ១៦ឆ្នាំ និងបានកាប់បំផ្លាញម៉ូតូរបស់ជនរងគ្រោះឈ្មោះ ភ័ក្ត្រ សុផាត់ ភេទប្រុស អាយុ១៩ឆ្នាំ ធ្វើឱ្យខូចខាតទាំងស្រុង ត្រង់ចំណុចផ្ទះលេខ៣៥ ផ្លូវលេខ១៧ បុរីពិភពថ្មី ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
-លើកទី០២ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៧និង១០នាទី បានធ្វើសកម្មភាពកាប់បំផ្លាញម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ1IY-5167 មានលេខតួ និងលេខម៉ាស៊ីន363558 របស់ជនរងគ្រោះ ទ្រី សុគន្ថា ភេទប្រុស អាយុ២២ឆ្នាំ ត្រង់ចំណុចផ្ទះលេខ៧២ ផ្លូវលេខ៧ បុរីពិភពថ្មី ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ហើយជនរងគ្រោះខាងលើ ក៏បាននាំគ្នាមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីឱ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ និងបក្ខពួក យកមកធ្វើការសាកសួរតាមនីតិវិធីច្បាប់ ។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់ អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការ ចាត់ការតាមនីតិវិធីច្បាប់បន្តទៀត ៕ មេសា