រថយន្ត៣គ្រឿង បុករះបន្តកន្ទុយគ្នា រងការខូចខាតនៅតាមបណ្តោយផ្លូវជាតិលេខ៦
សន្តិសុខសង្គម
80

រាជធានីភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ត៣គ្រឿង បុកបន្តកន្ទុយគ្នា បណ្តាលឲ្យរងការខូចខាតទាំងព្រឹក ខណៈដែល រថយន្ត២គ្រឿងបន្ថយល្បឿនឈប់ ដើម្បីឲ្យរថយន្តក្រឡុកស៊ីម៉ង់ត៍បើកឆ្លងផ្លូវ ស្រាប់តែរថយន្តដឹកឥដ្ឋ ជ្រុលបុករះកៀរពីក្រោយតែម្តង បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវជាតិលេខ៦អា ស្ថិតនៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្ត ទាំង៣គ្រឿង បានស្របទិសគ្នាពីជើងទៅត្បូង តាមបណ្តោយផ្លូវជាតិលេខ៦អា ដោយរថយន្តធុនត្រា ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2BL-8558 បើកនៅខាងមុខ រថយន្តហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AP-2577 បើកនៅខាងស្តាំ។ លុះដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿងបើកឆ្លងផ្លូវ ពីលិចទៅកើត ភ្លាមនោះ រថយន្តទាំងហាយឡែនឌ័រ និងធុនត្រា បានបន្ថយល្បឿនឈប់ ដើម្បីឲ្យរថយន្តក្រឡុកស៊ីម៉ង់ត៍នោះឆ្លងផ្លូវ ស្រាប់តែរថយន្តហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ3A-7868 ដឹកឥដ្ឋបើកបរពីក្រោយខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុករះកៀររថយន្តធុនត្រា នឹងរថយន្តហាយឡែនឌ័រ បណ្តាលឲ្យខូចខាត ភ្លាមៗនោះតៃកុងរថយន្តហ៊ីយ៉ាន់ដាយ ដឹកឥដ្ឋ បានបើកទ្វាររថយន្តចុះគេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បាន ចុះមកដល់កន្លែងកើតហេតុ ធ្វើការពិនិត្យ និងបានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញ ចរាចរណ៍ខណ្ឌ ចុះមកធ្វើការវាស់វែង យករថយន្តបង្កនិងរថយន្តរងគ្រោះ ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕ នង មឿន 


Telegram