រាជធានីភ្នំពេញ ៖ រថយន្ត ២ គ្រឿង បានបុកគ្នាពេញមួយទំហឹង ត្រង់ផ្លូវបំបែកជាបួន បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ទាំងសងខាង កាលពីវលាម៉ោង២យប់ ឈានចូលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅតាមបណ្តោយផ្លូវម៉ៅសេទុង កែងនឹងផ្លូវ១៩៩ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក Ford មួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 2BC-9796 ធ្វើដំណើរតាមបណ្ដោយផ្លូវ១៩៩ ក្នុងទិសដៅពីត្បូងទៅជើង មកដល់ចំណុចកើតហេតុ ផ្លូវបំបែកជាបួន ក៏បានបុកគ្នាជាមួយនឹងរថយន្ត ព្រូស មួយគ្រឿងទៀត ដែលពាក់ស្លាកលេខ ភ្នំពេញ 2BJ-6057 ដែលកំពុងបើកក្នុងទិសដៅពីកើតមកលិច បានបុកគ្នាពេញមួយទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំទាំង២គ្រឿងតែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍របស់អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានធ្វើការទំនាក់ទំនងឲ្យជំនាញចរាចរណ៍ផ្លូវគោករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការស្ទូចរថយន្ដទាំង២គ្រឿង ទៅរក្សាទុក រង់ចាំដោះស្តាយគ្នាតាមច្បាប់បន្តទៀត ៕ Mrr Ka