រាជធានីភ្នំពេញ ៖ នារីម្នាក់ បានស្លាប់ក្រោយបញ្ជូនទៅមន្ទីរពេទ្យ ខណៈដែលជិះម៉ូតូមួយគ្រឿងទៀត ដែលមានគ្នា៣នាក់ ហើយជនរងគ្រោះជិះនៅខាងក្រោយគេ បានធ្លាក់ពីលើម៉ូតូចូលក្រោមរថយន្តម៉ាក Dong Feng របស់ក្រុមហ៊ុនប្រមូលសំរាម (Ga Ga) ដែលកំពុងបើកស្របគ្នាកិនពីលើតែម្តង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧យប់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវ២១៧ ក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូសង់ប៊ិចមួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 1BF-9050 ជិះគ្នា៣នាក់ ដោយនារីរងគ្រោះដែលស្លាប់នោះ ជាអង្គុយពីក្រោយ បានធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែនារីរងគ្រោះដែលអង្គុយក្រោយគេនោះ ធ្លាក់ពីលើម៉ូតូ ចូលក្រុមកង់ រថយន្តដឹកសំរាមមួយគ្រឿង Dong Feng ពណ៌បៃតង(ស) គ្មានស្លាកលេខ ជារបស់ក្រុមហ៊ុនប្រមូលសំរាម(GaGa) ដែលកំពុងបើកស្របគ្នានោះ កិនស្លាប់តែម្តងក្រោយបញ្ជូនទៅមន្ទីរពេទ្យសម្ភពម្លិះ ខណៈអ្នកបើករថយន្តនោះវិញ បានឈប់រថយន្ត រួចចុះគេចខ្លួនបាត់ សល់តែរថយន្តប៉ុណ្ណោះ ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញក៏បានចុះមកដល់ ធ្វើការពិនិត្យសាកសព និងបានឲ្យដឹងថា សព រងគ្រោះឈ្មោះ ភាន ស្សាវដា ភេទស្រី អាយុ២៨ឆ្នាំ មុខរបរ អាស័យដ្ឋាន ផ្ទះលេខ៧៧ស្ទួន ផ្លូវ១៦បេតេ នៅភូមិសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
ក្រោយពេលកើតហេ តុសមត្ថកិច្ចបានធ្វើការវាស់វែង និងប្រគល់ម៉ូតូនិងរថយន្ត ឲ្យទៅជំនាញចរាចរណ៍របស់ស្នងការដ្ឋានចរាចរណ៍ផ្លូវគោក ដើម្បីយកទៅរក្សាទុកនៅការិយាល័យជំនាញ ដើម្បីរង់ចាំម្ចាស់ចូលមកដោះស្រាយគ្នាតាមផ្លូវច្បាប់ និងប្រគល់សពឲ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕ Mrr Ka