រាជធានីភ្នំពេញ ៖ នារីម្នាក់ស្រស់ស្អាតម្នាក់ ធ្វើការឃាត់បានក្មេងប្រុសម្នាក់ ដោយអះអាងថា ក្មេងនោះ បានលួចទូរសព្ទដៃរបស់ខ្លួន ហើយជិះម៉ូតូរត់ នៅក្រោយផ្សារតូច ដែលស្ថិតនៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាវេលាម៉ោង ១១យប់ ត្រូវនឹងថ្ងៃទី៣១ខែតុលា ឆ្នាំ២០២១ ។
ប្រភពព័ត៌មានពី នារីស្រស់ស្អាតខាងលើ ដែលអះអាងថា ខ្លួនជាជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ ខ្លួនបានជិះម៉ូតូចេញពីធ្វើការ មកទិញស្លាបមាន់ហូប ស្រាប់តែភ្លេចទូរស័ព្ទនៅក្នុងឃ្លុបម៉ូតូ ហើយពេលនោះ អ្នកលក់ក៏ប្រាប់គាត់ថា អូនមានបាត់ទូរសព្ទនៅលើម៉ូតូទេ ឃើញក្មេងប្រុសម្នាក់ បានលួចយកទូរសព្ទចេញពីម៉ូតូរបស់ប្អូន ទើបនារីរងគ្រោះ នោះ បានជិះម៉ូតូដេញតាមឃាត់ក្មេងនោះបានភ្លាមៗ និងទាក់ទងហៅសមត្ថកិច្ចឲ្យមកឆែកឆេរលើខ្លួនក្មេងប្រុសខាងលើនោះ ប៉ុន្តែមិនឃើញទូរសព្ទដៃរបស់នារីរងគ្រោះនោះទេ។
ក្រោយពេលកើតហេតុ នារីខាងលើ ក៏បានយល់ព្រមឲ្យក្មេងប្រុសនោះត្រឡប់ទៅផ្ទះវិញ ដោយមិនដាក់ពាក្យបណ្ដឹងប្ដឹងទាមទារយកទូរសព្ទវិញនោះទេ គ្រាន់តែចង់ឲ្យក្មេងប្រុសនិងសូមទោសគាត់មួយម៉ាត់ ហើយទទួលថាពិតជាបានលួចទូរស័ព្ទរបស់នាងមែន ប៉ុន្តែក្មេងប្រុសនៅតែនិយាយថា ខ្លួនពិតជាមិនបានលួចទូរសព្ទដៃរបស់គាត់នោះទេ ទើបសមត្ថកិច្ចឲ្យក្មេងប្រុសខាងលើ ត្រឡប់ទៅផ្ទះវិញរៀងខ្លួនតែម្តង ៕ Mrr Ka