បន្លំខ្លួនជាសន្តិសុខមន្ទីរពេទ្យ លួចយករថយន្តរបស់ជនរងគ្រោះ ពីខេត្តបាត់ដំបងជិះរត់ឆ្លងខេត្ត ស្មានថាគេចខ្លួនបាន មានអីត្រូវបានសមត្ថកិច្ចតាមក្របួចបានរហូតដល់ស្រុកគីរីវង់ ខេត្តតាកែវ
សន្តិសុខសង្គម
441

ខេត្តបាត់ដំបង ៖ ជនសង្ស័យម្នាក់ បន្លំខ្លួនជាសន្តិសុខ លួចយករថយន្តរបស់ជនរងគ្រោះ ពីខេត្តបាត់ដំបងជិះរត់ឆ្លងខេត្ត ស្មានថាគេចខ្លួនបាន មានអីត្រូវបានសមត្ថកិច្ចនគរបាល តាមក្របួចបានរហូតដល់ស្រុកគីរីវង់ ខេត្តតាកែវ ចាប់ខ្លួនបានទាំងមនុស្ស ដកហូតបានទាំងរថយន្តរបស់ជនរងគ្រោះមកវិញ ។ នេះបើយោងតាមផេក ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ។

សូមបញ្ជាក់ថា ជសង្ស័យរូបនេះ ត្រូវបានចាប់ខ្លួនបាន កាលពីថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០ ២១ វេលាម៉ោង ៩និង២២ នាទីយប់ នៅចំណុចផ្ទះសំណាក់យីហោ ភ្នំ ឌិន តារា ដែលស្ថិតនៅក្នុងភូមិផ្សារ ឃុំភ្នំឌិន ស្រុកគីរីវង់ ខេត្តតាកែវ ក្រោយកិច្ចសហការគ្នារវាងសមត្ថកិច្ចខេត្តបាត់ដំបង និងសមត្ថកិច្ចខេត្តតាកែវ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញា ផងដែរ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ វ៉ាន មឿន ហៅ ឡាក់ ឡូ ភេទប្រុស អាយុ ៤២ ឆ្នាំ មានទីលំនៅភូមិក្តាត ឃុំមេ ទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ត្រូវបានបញ្ជូនមកកាន់ស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង រួមជាមួយរថយន្តរស់ជនរងគ្រោះម៉ាក Lexus RX330 ពណ៌ ទឹកមាស ស៊េរីឆ្នាំ ២០០៤ ពាក់ស្លាកលេខ បាត់ដំបង 2B-8568 មកជាមួយផង។

សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា មុននឹងឈានដល់ការឃាត់ និងនាំខ្លួនមុខសញ្ញាជាជនសង័្សយខាងលើនេះ គឺកាលពីថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០២១ វេលាម៉ោង ១០និង២០ នាទី នៅចំណុចមន្ទីរពេទ្យ កែ ស៊ីនួន ស្ថិត នៅក្នុងក្រុមទី ២០ ភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនសង្ស័យខាងលើ បានធ្វើសកម្មភាព និយាយកុហកទៅជន រ ងគ្រោះ ឈ្មោះ អុង ប៊ុនធាង ភេទប្រុស អា យុ ៤៣ ឆ្នាំ មានទីលំនៅភូមិ ផ្សារព្រំ សង្កាត់ស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ថាខ្លួនជាសន្តិសុខមន្ទីរពេទ្យនេះ ដើម្បីឲ្យជនរងគ្រោះប្រគល់កូនសោររថយន្តឲ្យខ្លួន បើកយកទៅទុកនៅកន្លែងចតរថយន្តរបស់មន្ទីរពេទ្យ ខណៈ ដែលជនរងគ្រោះខាងលើ នាំក្រុមគ្រួសាររបស់គាត់មកកាន់មន្ទីរពេទ្យនេះ។

នៅពេលដែលជនរងគ្រោះប្រគល់កូនសោររថ យន្តឲ្យហើយ ជនសង្ស័យក៏បានបើករថយន្តនេះចេញទៅបាត់រហូត ទើបមានការឆោឡោ និងជនរងគ្រោះបានដាក់ពាក្យបណ្តឹងភ្លាមៗ ចូល មកសមត្ថកិច្ចនគរបាល ផែនការងារននគរបាល ព្រហ្មទ័ណ្ឌ ដើម្បីស្វែងរកជនសង័្សយខាងលើ និងរថយន្តរបស់ខ្លួន ម៉ាក Lexus RX330 ពណ៌ ទឹកមាស ស៊េរីឆ្នាំ ២០០៤ ពាក់ស្លាកលេខ បាត់ដំបង 2B-8568។

នៅក្រោយពេលទទួលបានព័ត៌មាននេះ អនុវត្តតាមបទបញ្ជាយ៉ាងហ្មឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង សមត្ថកិច្ចនគរបាល បានធ្វើសកម្មភាពស្រាវជ្រាវស្វែងរកជនសង័្សយខាងលើនេះ រហូតដល់ថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០ ២១ ទើបសមត្ថកិច្ច ស្វែងរកឃើញនិងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យបាននៅក្នុងស្រុកគិរីវង់ ខេត្តតាកែវ និងដកហូតបានរថយន្ត របស់ជនរងគ្រោះ នាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្នុងខណៈដែលជន សង័្សយកំពុងស្នាក់នៅក្នុងផ្ទះសំណាក់យីហោ ភ្នំ ឌិន តារា ។

នៅពេលនេះសមត្ថកិច្ចនគរបាលកំពុងកសាងសំ ណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ ការបន្តតាមនីតិវិធី រីឯរថយន្តត្រូវប្រគល់ជូនជន រ ងគ្រោះវិញ ៕


Telegram