ខេត្តព្រះសីហនុ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តនឹងម៉ូតូបុកគ្នាពេញទំហឹងបណ្ដាលឲ្យបុរសជនជាតិចិនម្នាក់ ដួលបោកក្បាលសន្លប់លែងដឹងខ្លួន នៅនឹងកន្លែង។ ចំណែកអ្នកបើកបររថយន្តវិញមិនមានទំនួលខុសត្រូវ ហើយព្យាយាមបើករត់គេចតែសំណាងល្អត្រូវបានប្រជាពលរដ្ឋស្ទាក់ឃាត់បានភ្លាមៗ ទង្វើដែលនេះមិនមានការទទួលខុសត្រូវមួយ ដែលប្រជាពលរដ្ឋនឹងមហាជនមិនអាចទទួលយកបាននោះទេ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង០០ នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី០១ ខែវិច្ឆិកាឆ្នាំ ២០២១ នៅតាមបណ្ដោយផ្លូវវិថីឯករាជ្យផ្លូវលេខ១០០ ត្រង់ចំណុចផ្លូវកែងស្តុបផ្សារពាណិជ្ជកម្ម ស្ថិតនៅក្នុងភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ/ខេត្តព្រះសីហនុ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្តមួយគ្រឿងម៉ាកPrus ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ព្រះសីហនុ ព្រះសីហនុ 2B-7525 បើកបរដោយបុរសម្នាក់ជាជនជាតិខ្មែរ បានបើកបរក្នុងល្បឿនលឿនពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុក៏បុកនិងម៉ូតូមួយគ្រឿង មិនស្គាល់ម៉ាក ពណ៌ក្រហម បើកបរបញ្ច្រាស់ទិសគ្នា បណ្តាលឲ្យអ្នកបើកបរម៉ូតូ ជាបុរសជនជាតិចិន គឺបណ្តាលឲ្យរងរបួសធ្ងន់សន្លប់ភ្លាមៗនៅកន្លែងកើតហេតុ ។
ក្រោយពេលកើតហេតុភ្លាមៗនោះ រថយន្តនោះបានព្យាយាមបើករត់គេចជាច្រើនរយម៉ែត្រ ដោយបង្កហេតុនៅលើវិថីឯករាជ្យ កែងស្តុបផ្សារពាណិជ្ជកម្ម តែបន្តល្បឿនរត់គេចខ្លួនមក ដល់ផ្លូវបេតុងមួយកន្លែង ម្តុំសាលាឆទាន ។
បច្ចុប្បន្ន ជនរងគ្រោះត្រូវបានបញ្ជូនយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ នៅមន្ទីរពេទ្យថៃខាង ។ ចំណែកឯវត្ថុតាងទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវយកទៅរក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ខេត្តព្រះសីហនុ រង់ចាំបន្តដោះស្រាយទៅតាមនីតិវិធី ពេលក្រោយ ៕ សំណាង