រថយន្តស៊េរីទំនើប Traum បុកជាមួយម៉ូតូនិចរបួសធ្ងន់២នាក់ រត់តាំងពីផ្លូវសហព័ន្ធរុស្ស៊ី រហូតដល់ផ្លូវ៣៧១ ត្រូវពលរដ្ឋឃាត់បានមកវិញ
សន្តិសុខសង្គម
326

រាជធានីភ្នំពេញ ៖ រថយន្តមួយគ្រឿង បើកបុកម៉ូតូពេញមួយទំហឹង បណ្ដាលឲ្យមានមនុស្ស២នាក់ រងរបួសធ្ងន់ រួចហើយរថយន្តនោះ បានបន្តបើករត់គេចបាត់ ពីកន្លែងកើតហេតុ រហូតដល់ផ្លូវ៣៧១ ទើបត្រូវបងប្អូនប្រជាពលរដ្ឋដេញឃាត់បានមកវិញ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច កាលពីវេលាម៉ោង ២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីម្ចាស់រថយន្តស៊េរីទំនើប Traum ដែលពាក់ស្លាកលេខ ភ្នំពេញ 2BK-3226 បានអោយដឹងថា មុនពេលកើតហេតុ គាត់បានធ្វើដំណើរតាមបណ្ដោយផ្លូវក្រោមស្ពានអាកាសផ្សារដីហុយ មកដល់ផ្លូវបំបែកជា៤ ត្រង់ចំណុចស្តុប ក៏មានម៉ូតូម៉ាកនិចមួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 1BC-4246 ជិះគ្នា២នាក់ បានបុកពេញមួយទំហឹង បណ្ដាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ទាំង២នាក់ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅមន្ទីរពេទ្យ ។ ភ្លាមនោះរថយន្តស៊េរីទំនើបខាងលើ បានបើករត់គេចពីកន្លែងកើតហេតុ ត្រូវបានបងប្អូនប្រជាពលរដ្ឋដេញតាមរថយន្តបាន នៅផ្លូវ៣៧១ សឡា ទើបទាក់ទងហៅសមត្ថកិច្ចមូលដ្ឋាន នាំយករថយន្តនេះទៅទីតាំងកើតហេតុវិញតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានទំនាក់ទំនងហៅសមត្ថកិច្ចជំនាញចរាចរណ៍ របស់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ មកវាស់វែង និងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីរង់ចាំភាគីទាំងសងខាងដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕ Mrr Ka


Telegram