រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ធ្លាប់ជាប់គុក៨ខែ ចេញមកវិញ នាំបក្ខពួកជាស្រីម្នាក់ទៀត វាយប្លន់យកលុយចំនួន ៦ម៉ឺនរៀល ពីក្មេងស្រីម្នាក់ បានសម្រេច រួចគំរាមសម្លាប់បំបិតមាត់បើហ៊ានស្រែក រត់គេចខ្លួនបានតែ៣ថ្ងៃប៉ុណ្ណោះ ក៏ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅ២ សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌច្បារអំពៅ ធ្វើការស្រាវជ្រាវចាប់ខ្លួនបានទាំង២នាក់ ។
សូមបញ្ជាក់ ករណវាយប្លន់ និងគំរាមសម្លាប់បំបិតមាត់នេះ គឺកើតឡើងនៅវេលាម៉ោង២រសៀល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ ចំណុចមុខយឿត្រី ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ លុះដល់ម៉ោង១ រសៀល ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ ក៏ត្រូវបានចាប់ខ្លួនតែម្តង ។
សមត្ថកិច្ចខណ្ឌច្បារអំពៅ បានប្រាប់ក្រុមការងារ TVFB ឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះ ផន ណេត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ ធ្លាប់ជាប់គុកព្រៃស៨ខែ ក្នុងឆ្នាំ២០០០ ពីបទលួច តេស្តទឹកនោមវិជ្ជមានសារធាតុញៀន
និងជនសង្ស័យទី២ ឈ្មោះ គុណ ស្រីនី ភេទស្រី អាយុ២៨ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ មានសារធាតុញៀនដូចគ្នា។ ចំណែកក្មេងស្រីរងគ្រោះ ឈ្មោះ សំ អៃឧស្សា ភេទស្រី អាយុ១៣ឆ្នាំ ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ កំពុងតែឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿង ចាតើការតាមច្បាប់បន្តទៀត ៕ មេសា