រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ជាស្ត្រី ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវចាប់ខ្លួនបាន ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន ។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១១និង១៥នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវ ចាប់ខ្លួនជនសង្ស័យម្នាក់ តាមដីកាបង្គាប់ ឲ្យចាប់ខ្លួនរបស់លោក ម៉ម ច័ន្ទវណ្ណៈ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ប្រព្រឹត្តនៅរាជធានីភ្នំពេញ។
សមត្ថកិច្ចបន្តថា ជនសង្ស័យឈ្មោះ ប៊ុត កុល្លីនី ភេទស្រី អាយុ ៤៥ឆ្នាំ មុខរបរ ជាងកាត់ដេរសំលៀកបំពាក់ ស្នាក់ នៅផ្ទះលេខ៩៥ ផ្លូវជាសុផារ៉ា សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រូវបានឃាត់ខ្លួននៅចំណុច ក្នុងបុរីវិមានភ្នំពេញ ផ្លូវបេតុង សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕