ខេត្តកំពង់ចាម ៖ សមត្ថកិច្ចប្រកាសស្វែងរកសាច់ញាតិ ដោយមិនដឹងថា ប្រុសឬស្រីនោះទេ បានលោតទឹកសម្លាប់ខ្លួន ពីលើស្ពាន គីហ្សូណា ព្រោះតែឃើញលិខិត បន្សល់ទុកសំបុត្រ សុំទោសមួយសន្លឹកដែលមានខ្លឹមសារថា ខ្ញុំសូមទោសម៉ែប៉ា ចេញទៅមិនបានលា ខ្ញុំសូមទោសប្រពន្ធកូនចេញទៅមិនបាន បញ្ហាគ្រួសារធ្វើឲ្យខ្ញុំបាក់ទឹកចិត្ត នឹកប្រពន្ធ នឹកកូន នឹកម៉ែប៉ា.. ! ដូច្នេះ សូមបងប្អូនដែលស្គាល់ គាត់ រឺសាច់ញាតិបងប្អូនគាត់ សូមផ្តល់ព័ត៌មានទៅក្រុមគ្រួសារគាត់ផង។
ក្នុងនោះ យោងតាមគណនី Facebook របស់លោក ប៉ាច សុផា ដែលជាមន្ត្រីនគរបាលចំណុះ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានបង្ហោះ ថា ៖ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង២០ និង ៣០ នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីសង្ស័យលោតទឹកសម្លាប់ខ្លួន ពីលើស្ពានគីហ្សូណា នៅចំណុចចន្លោះបង្គោលទី១០ និង ទី១១ ។
ក្រោយពីបានទទួលព័ត៌មានភ្លាម លោក ប៉ាច សុផា បានបញ្ជាអោយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ សហការណ៍ជាមួយគោលដៅយាមស្ពានគីហ្សូណា បានទៅដល់ចំណុចកើតហេតុខាងលើ ពិតជាករណីបន្សល់ទុកមធ្យោបាយ ម៉ូតូ០១គ្រឿង ម៉ាក ស៊ូមឺអ៊ិច ពណ៌ ទឹក្រូចលាយស ពាក់ស្លាកលេខ កំពង់ចាម 1AA- 7187 ដោយមានកូនសោរជាប់នឹងម៉ូ និង មួកសុវត្ថិភាព ពណ៌ក្រហមចំនួនមួយ រួមមានបន្សល់ទុក
- កាបូបលុយពណ៌ខ្មៅ មានលុយខ្មែរ ចំនួន ៣០,៥០០ រៀល
- ប័ណ្ណចាក់វាក់សាំងកូវីដ -១៩ ចំនួន ០១ សន្លឹក មានឈ្មោះ ខន ធារះ
- ទូរស័ព្ទដៃ ០១ គ្រឿង ម៉ាក អូប៉ូ ពណ៌ខ្មៅ(ជាប់លេខកូដ) - ជញ្ចៀន០១វង់.
- ខ្សែរក ០១ខ្សែ
- ក្រដាស់សរសេរសុំទោស ០១ សន្លឹក
ពេលនេះ សម្ភារៈខាងលើ ត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ ហើយកម្លាំងរបស់លោក កំពុងផ្សព្វផ្សាយព័ត៌មានស្វែករកសាច់ញាតិ និងកំពុងពិនិត្យជុំវិញទីតាំងនោះបន្ត៕