រាជធានីភ្នំពេញ ៖ បុរសម្នាក់ កំពុងជិះម៉ូតូតាមដងផ្លូវ ត្រូវបានរថយន្តកុងតឺន័រធន់ធំមួយគ្រឿង បានបុកអូសម៉ូតូស្កុបពី មួយគ្រឿង រួចកិនបុរសម្នាក់អ្នកបើកម៉ូតូ ស្លាប់មួយរំពេច យ៉ាងរន្ធត់ កាលពីវេលាម៉ោង ១២យប់ ឈានចូលថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុច ផ្លូវ ២១៧ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ជិះម៉ូតូស្កុបពីមួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 1HV-3281 ធ្វើដំណើរតាមបណ្ដោយផ្លូវ៣៧១ មកដល់ចំណុចកើតហេតុលើស្ពានថ្មចំការដូង ក៏មានរថយន្ដកុងតឺន័រធន់ធំមួយគ្រឿង ដែលពាក់ ស្លាកលេខភ្នំពេញ 3D-8306 ធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ក៏បានបុកម៉ូតូពីក្រោយពេញមួយទំហឹង និងកិនបុរសអ្នកបើកម៉ូតូនោះ ស្លាប់បាត់បងជិវិត យ៉ាងរន្ធត់ រីឯម៉ូតូវិញ គឺត្រូវរថយន្តកិនអូសជាង៣០ម៉ែត្រឯណោះ ទើបឈប់រថយន្ត ហើយចុះរត់គេចខ្លួនបាត់។
បើតាមសម្ដីប្រពន្ធជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានតេទូរសព្ទជាមួយប្ដីគាត់ ថាបងជិតដល់ផ្ទះវិញ ហើយបានដាក់ទូរសព្ទចុះ ប្រហែលប្រមាណជាងកន្លះម៉ោងប៉ុណ្ណោះ គាត់ក៏ឃើញលេខប្ដីគាត់តេមកវិញថា ហើយនិយាយថា « អាឡូបងស្រី ប្ដីបងជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានរថយន្ដកុងទីន័រ កិនស្លាប់ហើយនៅផ្លូវ២១៧ជិតស្ពានដែក ឬក៏ស្មានថ្មចំការដូង ទើបគាត់ជាប្រពន្ធ ប្រញាប់មកមើលប្តី តែមិនឃើញ ក៏សួរបងប៉ូលិសទាំងរន្ធត់ចិត្ត ថាប្ដីគាត់នៅណាឲ្យខ្ញុំជួបប្ដីខ្ញុំមក ទើបសមត្ថកិច្ចប្រាប់ថា សាកសពប្តីបង គេយកទៅទុកនៅក្នុងមន្ទីរពេទ្យមួយកន្លែងហើយ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានធ្វើការវាស់វែង និងប្រគល់ឲ្យទៅជំនាញចរាចរណ៍ផ្លូវគោក របស់ស្នងការដ្ឋានននគរបាលរាជធានីភ្នំពេញ ដើម្បីយករថយន្តនិងម៉ូតូទៅរក្សាទុក រង់ចាំដោះស្រាយគ្នានៅពេលក្រោយតាមច្បាប់បន្តទៀត និងប្រគល់សពឲ្យក្រុមគ្រួសារសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕ Mrr Ka