ខេត្តកោះកុង ៖ ផ្ទះប្រជាពលរដ្ឋមួយខ្នង ដែលទុកចោលគ្មានមនុស្សរស់នៅ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ខ្ទេចទាំងស្រុងទាំងកណ្តាលយប់ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកបាញ់ពន្លត់ កាលពីវេលាម៉ោង ១១ និង៣៥នាទី យប់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង ។ នេះបើយោងតាមផេក នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះដែលឆាបឆេះនេះ មានឈ្មោះ ឃាង លីន ភេទស្រី អាយុ៥៤ឆ្នាំ មុខរបរធ្វើចំការ ត្រូវបានអគ្គិភ័យឆេះបំផ្លាញផ្ទះឈើ ដែលមានទំហំ ៥×១១ ម៉ែត្រ និងសម្ភារៈប្រើប្រាស់បន្តិចបន្តួច ។
ក្នុងនោះសមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា អគ្គិភ័យនេះ បានឆាបឆេះឡើង បណ្តាល មក ពីទុស្សេខ្សែភ្លើង ហើយម្ចាស់ផ្ទះនៅផ្ទះ១ទៀតដែលនៅជិតផ្ទះកើតហេតុ ពោលគឺផ្ទះឆេះនេះ គឺជាផ្ទះទុកចោលមិនមានមនុស្សរស់នៅ ។
ជុំវិញការឆាបឆេះនេះដែរ សមត្ថកិច្ចជំនាញ បង្ការពន្លត់អគ្គិភ័យ បានប្រើប្រាស់ទឹកអស់ចំនួន១រថយន្ត និងគ្រប់គ្រងស្ថានការណ៍ បានទាំងស្រុង នៅវេលាម៉ោង ១២និង២០នាទី យប់ឈានចូលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ៕