រាជធានីភ្នំពេញ ៖ ការពិតលាតត្រដាង បុរសម្នាក់ ដែលរៀបរាប់ប្រាប់អ្នកសារព័ត៌មាន ថាខ្លួនត្រូវបានជនសង្ស័យ២នាក់ ពួនស្ទាក់ កាន់កាំបិត ចេញមកភ្ជង់ប្លន់យកម៉ូតូនិងទូរសព្ទបានសម្រេច គេចខ្លួនបាត់ដោយសុវត្ថិភាពនៅម្តុំរ៉ារថភ្លើង ការពិតជិះម៉ូតូទៅរកទិញគ្រឿងញៀនសោះ លុះចូលទៅទិញ ឈប់ម៉ូតូទុកចោលឆ្ងាយពីខ្លួនពេក ក៏ត្រូវចោរលួចយកទៅបាត់ ទោះបីជាយ៉ាងណាករណីនេះ សមត្ថកិច្ចនគរបាលខណ្ឌដូនពេញ សហការជាមួយនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន ៣នាក់ យកមកសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
សូមបញ្ជាក់ថា យុវជនម្នាក់អះអាងថា អាឡូចែ ម៉ូតូខ្ញុំចោរប្ល...ន់បាត់ហើយ! ខណៈជិះដល់កន្លែងស្ងាត់ ចោរដែលពួនស្ទាក់ចេញមក យកបានទាំងម៉ូតូនិងទូរសព្ទ រត់អស់ហើយ ពេលដែលខ្លួនជិះទៅរកមិត្តភក្កិដើម្បីហូបចុកជុំគ្នា លុះជិះដល់ផ្លូវស្ងាត់ ម្ដុំរ៉ារថភ្លើង ក៏ត្រូវចោរភ្ជង់ប្លន់ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ វេលាម៉ោង៣យប់ ត្រូវនឹងថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៣។ នេះជាការបញ្ជាក់នៅទីតាំងកើតហេតុ ។
ដោយឡែកក្រោយសមត្ថកិច្ចជំនាញ សាកសួរស្រាវជ្រាវយកចិត្តទុកដាក់ទើបដឹងថា យុវជនខាងលើមានឈ្មោះ ឆែម វិទូ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងដេគ័រ ស្នាក់ឃ្លាំងសុភមង្គល ផ្លូវជាតិលេខ៦អា ភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ហើយមុនពេលកើតហេតុ ខ្លួនបានជិះម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ X05197 តែម្នាក់ឯងចេញពីផឹកស៊ីនៅផ្ទះពួកម៉ាក ក្នុងភូមិអូឌឹម សង្កាត់កំបូល ខណ្ឌកំបូល ដោយស្ថានភាពស្រវឹង ក៏នឹកចង់ប្រើគ្រឿងញៀន ជិះដល់វត្តនាគវ័ន្តក៏ជួបមនុស្សប្រុសម្នាក់មិនស្គាល់អត្តសញ្ញាណ សួរនាំរកកន្លែងប្រើគ្រឿងញៀន ពេលនោះជនរងគ្រោះក៏បានជិះម៉ូតូឌុបជននោះ ចូលតាមផ្លូវរថភ្លើង មកដល់ចំណុចកាប៊ីនរថយន្ត ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ បានជួបជាមួយបក្ខពួកជននោះ ចំនួន៣នាក់ផ្សេងទៀត អោយជនរងគ្រោះចតម៉ូតូទុកនៅចម្ងាយពីរោងបាក់បែកប្រហែល១០ម៉ែត្រ ហើយជនម្នាក់ដែលជនរងគ្រោះឌុបមកជាមួយនោះ ក៏នាំគ្នាដើតចូលក្នុងរោងដើម្បីប្រើប្រាស់គ្រឿងញៀន បានមួយសន្ទុះជនរងគ្រោះក្រលេកមកមើលម៉ូតូ ស្រាប់តែបាត់ម៉ូតូតែម្តង មិនហ៊ានប្រាប់ការពិតខ្លាចគេដឹង ក៏បង្វែងរឿងថាខ្លួនត្រូវចោរ កាន់កាំបិត ចេញមកភ្ជង់ប្លន់យកម៉ូតូនិងទូរសព្ទបានសម្រេចគេចខ្លួនបាត់ ។
ទោះបីជាយ៉ាងណាករណីនេះ សមត្ថកិច្ចនគរបាលខណ្ឌដូនពេញ សហការជាមួយនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន ៣នាក់ យកមកសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ Mrr Ka